ភ្នំពេញ៖ គិតត្រឹមពាក់កណ្តាលខែមីនានេះ គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៨០ភាគរយ ខណៈ ផ្លូវជាតិលេខ៥ ប្រវែង៣៦៦ គ.ម ព្រែកក្តាម-ធ្លាម្អមសម្រេច៩៨% ធ្លាម្អម-បាត់ដំបង និងសេរីសោភ័ណ្ឌ-ប៉ោយប៉ែតសម្រេច៦៩% និងបាត់ដំបង-សេរីសោភ័ណ្ឌសម្រេច១០០% ។
នេះ បើតាមលោកស៊ុន ចាន់ថុល ទេសរដ្នមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសេរីសោភ័ណ្ឌ ទៅក្រុងប៉ោយប៉ែត និង គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀននៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ ។
គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ២៦,៤២ លានដុល្លារអាមេរិក។ ដោយសារមានបញ្ហាការរាតត្បាតនៃជម្ងឺកូវីត-១៩ គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារក្នុងកិច្ចសន្យា នាំឱ្យគម្រោងការងារនេះត្រូវបានពន្យារពេលសាងសង់ចំនួនពីរលើករួចមកហើយ។
បើតាមការពន្យាពេលសាងសង់លើកទី២ គម្រោងគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ហើយគិតមកត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនសាងសង់សម្រេចបាន ៨២,៣០%។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធថ្នាក់ខេត្ត បានត្រៀមរួចរាល់ហើយដើម្បីសម្របសម្រួល និងសហការជាមួយភាគីថៃ ក្នុងការបើកច្រកទ្វារព្រំដែនបណ្តោះអាសន្នត្រង់ចំណុចនេះ។
ជាមួយនឹងការតភ្ជាប់ពីច្រកទ្វារព្រំដែននេះ មកកាន់តំបន់ផ្សេងៗ និងរាជធានីភ្នំពេញ ផ្លូវជាតិលេខ៥ ដែលមានប្រវែង ៣៦៦ គ.ម ក៏កំពុងដំណើរការស្ថាបនាស្ទើររួចរាល់ទាំងស្រុង។ ផ្លូវជាតិលេខ៥នេះ ត្រូវបានបែកចែកជាបីភាគ រួមមាន៖ (១)ភាគខាងត្បូង ពីព្រែកក្តាម ទៅដល់ធ្លាម្អម មានប្រវែងសរុប ១៣៥,២៥ គ.ម សម្រេចបាន ៩៨% (២) ភាគកណ្តាលធ្លាម្អម-បាត់ដំបង និងសេរីសោភ័ណ្ឌ-ប៉ោយប៉ែត មានប្រវែងសរុប ១៤៦,០៤ គ.ម សម្រេចបាន ៦៩% និង (៣) ភាគខាងជើង ពីបាត់ដំបង-សេរីសោភ័ណ្ឌ មានប្រវែងសរុប ៨៤,៧៤ គ.ម សម្រេចរួចរាល់១០០%ហើយ។
ក្នុងនោះកំណាត់ ពីព្រែកក្តាម ទៅដល់សិរីសោភណ្ឌ ប្រវែង ៣៣១គ.ម គ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ២០២៣ លើកលែងតែកំណាត់ពីក្រុងសិរីសោភណ្ឌ ទៅក្រុងប៉ោយប៉ែត ដែលមានប្រវែង ៣៥គ.ម គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខ៕