ទីលានទុកដាក់សំរាម ២០,៨០ហិចតា ក្រុងបាត់ដំបង ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកា

បាត់ដំបង ៖ ទីលានទុកដាក់សំរាម ២០,៨០ហិចតា ក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)នៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានប្រគល់ជូនអាជ្ញាធរខេត្ត និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីចូលរួមការអភិវឌ្ឍលើវិស័យអនាម័យក្នុងខេត្តបាត់ដំបង ។

ពិធីប្រគល់-ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាមខាងលើនេះ ធ្វើឡើងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣នេះ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សុខ លូ អភិបាលខេត្តបាត់ដំបង លោកស្រី Siti Hasanah តំណាងទីភ្នាក់ងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេសគម្រោង និងប្រពលរដ្ឋជាច្រើនផងដែរ។

គម្រោងទាំងមូលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ២០,៨០ ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់នៅដំណាក់កាលដំបូង នៅរណ្ដៅទី១ មានទំហំ ២,៩៤ ហិកតា ហើយមានសមត្ថភាពអាចផ្ទុកសំរាមបាន ៣១៣ ៧០៣ ម៉ែត្រគូប សម្រាប់រយៈពេល ១០ ឆ្នាំ (២០២២ រហូតដល់ ២០៣២) សម្រាប់ប្រជាជន ក្នុងក្រុងបាត់ដំបង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។

តាមការរំពឹងទុក ប្រជាជនប្រមាណ ៦០% ដែលត្រូវជា ១២៦.០០០ នាក់ នឹង ទទួលបានសេវាកម្មផ្នែកអនាម័យបរិស្ថាន ពីទីលានចាក់សំរាមមួយនេះ។ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ ផ្លូវចូល រណ្តៅកប់សំរាម រណ្តៅប្រព្រឹត្តកម្ម អគារដ្ឋបាល អគារស្នាក់នៅ អគារញែកសំរាម អគារផ្គត់ផ្គង់ អគារទុកដាក់កាកសំណល់គ្រោះថ្នាក់ ប៉ុស្តិ៍យាម រោងជាង ចំណតរថយន្ត កន្លែងលាងរថយន្ត ស្ថានីយថ្លឹងរថយន្ត បណ្តាញអគ្គិសនី របង និងដាំដើមឈើជាដើម ហើយប្រើប្រាស់ថវិកាសាងសង់អស់ចំនួន ៦ ២៨៣ ៧៤៧ ដុល្លារអាមេរិក ក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រេីប្រាស់ថវិកាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី។

ការសាងសង់ប្រើប្រាស់ ១២ខែ ម៉ៅការសាងសង់ដោយ ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុន SCE និងក្រុមហ៊ុន Tancons (Cambodia) Co., Ltd.៕