សម្ដេច ស ខេង នឹងទស្សនកិច្ច នៅវៀងចន្ទន៍ ៣ថ្ងៃ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី១៨-២០ ខែមីនា ឆ្នាំ២០២៣ ។

ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ កម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈឡាវ ។ ដោយសម្តេច ស ខេង នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខាកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ ៕