ភ្នំពេញ៖ តាមរយៈការស្រាវជ្រាវ និងស៊ើបអង្កេតរបស់មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ-ក.ប.ប. ន ក្រសួងពាណិជ្ជកម្ម បានពិនិត្យឃើញថា មានម្ចាស់ផលិតផលទឹកពិសាមួយចំនួន ដែលកំពុងចរាចរលក់នៅលើទីផ្សារ បាន ផ្សព្វផ្សាយលក់ផលិតផលរបស់ខ្លួន ដោយភ្ជាប់នូវសេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ដែលធ្វើឱ្យអ្នកប្រើប្រាស់ មានការភាន់ច្រឡំ។
តាមសេចក្តីជូនដំណឹងរបស់ ក.ប.បនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ នេះ ឱ្យដឹងថា ជាក់ស្តែង ក្រុមហ៊ុនផលិតទឹកពិសាមួយចំនួន បានប្រើប្រាស់រូបភាព ស្ត្រីបំបៅទារក រូបទារក និងដបទឹកដោះគោ ក៏ដូចជាខ្លឹមសារដែលមានអត្ថន័យថា “ទឹកពិសារបស់ខ្លួន មានមុខងារសម្រាប់ឆុងជាមួយ ម្សៅដោះគោ ដើម្បីបំបៅទារក” ឬរូបភាពបង្កប់ន័យផ្សេងទៀត។
ក.ប.ប. បន្តថា ការផ្សព្វផ្សាយទាំងនេះ បង្កឱ្យមានការភាន់ ច្រឡំដល់អ្នកប្រើប្រាស់ ដែលផ្ទុយពីបទប្បញ្ញត្តិ ពិសេសខ្លឹមសារនៃអនុក្រឹត្យលេខ១៣៣ អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៥ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ និងគោលការណ៍ណែនាំ របស់អង្គការសុខភាពពិភពលោក និងជំរុញឱ្យការបំបៅទារកដោយទឹកដោះម្តាយ ដែលជាប្រភពអាហារដ៏មាន ប្រយោជន៍ និងសារៈសំខាន់បំផុតសម្រាប់សុខភាពទារក មានការថយចុះដែលអាចបង្កហានិភ័យដល់សុខភាព អ្នកប្រើប្រាស់ដែលជាទារក។
ដើម្បីការពារផលប៉ះពាល់ដល់អត្ថប្រយោជន៍របស់មាតា បិតា ឬអាណាព្យាបាល និងសុខភាពរបស់ ទារកដែលជាទំពាំងស្នងឬស្សី ក្នុងរយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋាន ក.ប.ប. បានយកចិត្តទុកដាក់ ស្រាវជ្រាវ ស៊ើបអង្កេត និងបានរកឃើញនូវភាពមិនអនុលោមទៅនឹងច្បាប់និងបទប្បញ្ញត្តិជាធរមាននានា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយលក់ផលិតផលទឹកពិសា ដោយភ្ជាប់នូវសេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ហើយត្រូវ បានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ចេញសេចក្តីសម្រេចអនុវត្តវិធានការច្បាប់ចំពោះករណីបំពាននេះ ដល់ក្រុមហ៊ុនផលិតទឹកពិសាមួយចំនួនរួចហើយផងដែរ៕