ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ប្រជាពលរដ្ឋខ្មែរ កុំភិតភ័យ និងកុំស្លន់ស្លោចំពោះមុខ ក្រោយធនាគារអាមេរិកដួលរលំ ហើយត្រូវជឿទុកចិត្តសុវត្ថិភាពគ្រប់គ្រងវិស័យហិរញ្ញវត្ថុធនាគារ នៅកម្ពុជា។
នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅព្រឹកថ្ងៃទី១៦ មីនា សម្តេច ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ បានដាក់ប្រាក់នៅធនាគារ កុំមានការស្លន់ស្លោរ ព្រោះការស្លន់ស្លោរនឹងធ្វើឲ្យបាត់បង់ប្រយោជន៍ទៅវិញទេ។
សម្ដេចបញ្ជាក់ថា «សូមបងប្អូន កុំភិតភ័យ កុំស្លន់ស្លោចំពោះមុខ សភាពការណ៍ដួលរលំធនាគាររបស់អាមេរិក ។ សូមអំពាវនាវសារជាថ្មីម្ដងទៀត ជឿទុកចិត្តសុវត្ថិភាពគ្រប់គ្រងនូវវិស័យហិរញ្ញវត្ថុ ធនាគារនៅកម្ពុជា ហើយធនាគារមានទុនបម្រុងគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហា។ ប៉ុន្ដែអ្វីដែលខាតបង់ គឺប្រជាពលរដ្ឋរបស់យើងភ័យស្លន់ស្លោទៅដកប្រាក់»។
នាយករដ្ឋមន្ដ្រីបន្ថែមថា បញ្ហាធនាគារអាមេរិកដួលរលំនេះ មិនប៉ះពាល់អ្វីដល់ចរន្តសាច់ប្រាក់ធនាគារនៅកម្ពុជានោះទេ។ ម្យ៉ាងទៀតបញ្ហាធនាគារនៅអាមេរិកនេះ ធ្លាប់បានកើតឡើងម្ដងមកហើយ កាលពីវិបត្តិសេដ្ឋកិច្ចសាកលនាអំឡុងឆ្នាំ២០០៨ ប៉ុន្តែអាមេរិកអាចដោះស្រាយបញ្ហានេះបាន។
សូមបញ្ជក់ថា ថ្មីៗនេះ ធនាគារធំៗចំនួនពីរនៅអាមេរិកគឺ Silicon Valley Bank និង Signature Bank បានដួលរលំ។ អ្នកជំនាញជាច្រើនបានបង្ហាញពីមូលហេតុនៃការដួលរលំរបស់ SVB និង Signature Bank ដោយសារតែ FED បានដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងដើម្បីទប់ស្កាត់អតិផរណាដែលបានជះឥទ្ធិពលយ៉ាងខ្លាំងលើទីផ្សារភាគហ៊ុន។ ដូច្នោះហើយ អ្នកជំនាញរំពឹងថា FED ប្រហែលជាត្រូវផ្អាកគោលនយោបាយបច្ចុប្បន្ន ដើម្បីរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុ៕