ភ្នំពេញ ៖ ខណៈស៊ីហ្គេមកាន់តែខិតជិតចូលមកនាថ្ងៃកំឡុង៥០ថ្ងៃទៀត សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសស្វាគមន៍ដល់ភ្ញៀវជាតិ-អន្ដរជាតិ ជាពិសេសជនមានពិការភាពមកចូលរួមទស្សនា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ក្នុងពេលខាងមុខនេះ។
ការប្រកាសរបស់សម្តេចនេះបានធ្វើឡើង ក្នុងឱកាសអញ្ជើញបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ។ ដោយបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ។
សម្តេចគូសបន្ថែមថា “ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍ នូវវត្តមានជាថ្មីម្ដងទៀតរបស់ឯកឧត្តម-លោកជំទាវ លោក-លោកស្រី និងបងប្អូនមានពិការភាពជាតិ-អន្ដរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតអន្ដរជាតិដ៏ធំនេះនៅកម្ពុជា”។
សូមរំលឹកថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ គណៈកម្មាធិការជាតិ CAMSOC នឹងរៀបចំព្រះរាជពិធីសុំព្រះអគ្គិកីឡានៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មុនពិធីរត់ភ្លើងគប់ ឆ្លងកាត់បណ្ដាប្រទេសសមាជិកស៊ីហ្គេមទាំងអស់ ដែលនឹងធ្វើឡើងពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ហើយត្រឡប់មកកម្ពុជាវិញ និងបន្ដរត់ជុំវិញបឹងទន្លេសាប រហូតដល់ពិធីបើកការប្រកួតកីឡាស៊ីហ្គេមផ្លូវការ នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣៕