សម្តេច ហ៊ុន សែន៖ ការបង្កើតវារីអគ្គិសនីនៅតែជាជំរើសល្អមួយក្នុងចំណោមជម្រើសនានាដើម្បីទាញយកថាមពលអគ្គិសនី

ពោធិ៍សាត់៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថាការបង្កើតវារីអគ្គិសនីនៅតែជាជំរើសល្អមួយក្នុងចំណោមជម្រើសនានាដើម្បីទាញយកថាមពលអគ្គិសនី ខណៈដែលប្រទេសមួយចំនួននៅកំពុងប្រើប្រាស់ធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនីនៅឡើយ។

ការលើកឡើរបស់សម្តេច ហ៊ុន សែន ធ្វើឡើងនៅថ្ងៃទី ទី១៤ ខែមីនា ឆ្នាំ២០២៣ ក្នុងពេល សម្តេចអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោង។

សម្ដេចបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងប្រទេស ភូមិដែលបានភ្ជាប់ជាមួយបណ្ដាញអគ្គិសនីជាតិមានចំនួនទៅដល់៩៩ ភាគរយហើយ។សម័យនេះ គឺសម័យប្រើអគ្គិសនី មិនមែនសម័យប្រើចង្កៀង ឬចម្លុះទៀតនោះទេ ដូច្នេះរដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ប៉ុន្ដែការដោះស្រាយនេះ គឺត្រូវដោះស្រាយផលប៉ះពាល់ផ្សេងៗជូនប្រជាពលរដ្ឋ។

បើតាមសម្តេច ហ៊ុន សែន ការប្រើប្រាស់ថាមពលអគ្គិសនី គឺត្រូវគួបផ្សំផ្នែកវារីអគ្គិសនី បូករួមជាមួយផ្នែកដ៏ទៃទៀតដែលទទួលបានពីពន្លឺព្រះអាទិត្យ ដែលនេះជាផ្នែកមួយក្នុងការដោះស្រាយបញ្ហាអគ្គិសនី និងការផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។

សម្តេច ថ្លែងថា «អគ្គិសនីមិនមែនត្រឹមតែជាតម្រូវការចាំបាច់ នៃការប្រើប្រាស់ប្រចាំថ្ងៃនោះទេ ក៏ប៉ុន្តែក៏ជាតម្រូវធំផ្នែកឧស្សាហកម្មជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ក្នុងនោះក៏បូករួមវិស័យទេសចរណ៍ ព្រោះសម័យនេះមិនមែនជាសម័យទេសបក់ផ្លិតទៀតទេ ជាសម័យសម័យដេកសណ្ឋាគារ បើកម៉ាស៊ីនត្រជាក់»។

សម្តេចបន្ថែមថា បច្ចុប្បន្ននៅមូលដ្ឋានរាជធានីភ្នំពេញមួយ មានតម្រូវការប្រើប្រាស់អគ្គិសនីជាង ១ ពាន់មេកាវ៉ាត់ ដែលកាលពីមុនមានតម្រូវការត្រឹម ៣០ មេកាវ៉ាត់។ កត្តាតម្រូវការអគ្គិសនីនេះ គឺតម្រូវឱ្យរាជរដ្ឋាភិបាលស្វែងរកដំណោះស្រាយ ដើម្បីផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋប្រើប្រាស់ ស្របពេលការកើនឡើងនៃការប្រើប្រាស់អគ្គិសនីនេះ គឺបានបង្ហាញកំណើន ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា៕