ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានថ្លែងប្រាប់អាជ្ញាធរថា បើចង់មានភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវធានា នៅទីនោះគ្មានចោរលួច ចោរប្លន់ ឬគ្មានអំពើ បង្កឡើងដោយអសន្ដិសុខណាមួយ សម្រាប់ភ្ញៀវទេសចរណ៍ឡើយ។
ក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ក្រោមនៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន បានណែនាំដល់អាជ្ញាធរាជធានី-ខេត្ត ត្រូវបន្ដយកចិត្តទុក ដាក់ថែរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស ត្រូវជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពម៉ត់ចត់ និងជាប់ជាប្រចាំ។
សម្ដេចបន្ដថា តំបន់ទេសចរណ៍ទាំងអស់ ត្រូវខិតខំថែរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។
សម្ដេចថា «គ្មានទេសចរណ៍ណា ចង់ទៅលេងកន្លែងអស្ថិរភាពនោះទេ ។ ដូច្នេះគ្រប់មូលដ្ឋានទាំងអស់ ភូមិ-ឃុំ ត្រូវយកការទទួលខុសត្រូវ បើខ្លួនចង់ឲ្យមានទេសចរណ៍ទាំងជាតិ និងអន្ដរជាតិ ត្រូវធ្វើយ៉ាងណាធានាថា នៅទីនោះគ្មានចោរលួច ចោរប្លន់ ឬគ្មានអំពើបង្កអសន្ដិសុខណាមួយសម្រាប់ភ្ញៀវទេសចរណ៍»៕