កំពង់ឆ្នាំ៖ កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំង នឹងក្លាយជាកំពង់ផែដ៏មានសក្ដានុពល និងជំរុញដល់ការដឹកជញ្ជូនទំនិញ និងកសិផលក្នុងស្រុកទៅកាន់អន្តរជាតិ ខណៈត្រូវបានចាប់ផ្ដើមសាងសង់រយៈពេលជាងមួយខែមកហើយនៅលើផ្ទៃដីជាង 100 ហិកតា នៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
លោក ស៊ុន ចាន់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបុគ្គលិក កម្មករ និងចុះពិនិត្យ វឌ្ឍនភាព នៃការងារសាងសង់កំពង់ផែពហុបំណង និង មណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំង និងបន្តចុះពិនិត្យផ្លូវជាតិលេខ៥០C នាថ្ងៃទី ៩ ខែមីនា នេះ ឱ្យដឹងថា កំពង់ផែនេះ នឹងជំរុញឱ្យការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាកាន់តែមានប្រសិទ្ធិភាពខ្ពស់មួយកម្រិតទៀត ហើយក៏នឹងក្លាយជាច្រកសេដ្ឋកិច្ចមួយដ៏សំខាន់តភ្ជាប់ទឹក និងសមុទ្រ លើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ពិសេសគឺនាំទំនិញ និងកសិផលក្នុងស្រុកពីតំបន់មួយទៅតំបន់មួយ និងឆ្ពោះទៅកាន់អន្តរជាតិ។
លោកបន្តថា កំពង់ផែពហុបំណងនេះនឹងសាង់សង់នូវកំពង់ផែដឹកជញ្ជូនទំនិញ ដោយប្រមូលផលកសិកម្ម កសិឧស្សាហកម្មចំរុះពីតំបន់ផ្សេងៗចែកចាយបន្តក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ បង្កើតមណ្ឌលសន្និធិប្រេង ដែលមានពោងស្តុកប្រេងដើម្បីចែកចាយក្នុងប្រទេស បង្កើតរមណីយដ្ឋានធម្មជាតិ និងលំនៅឋានទំនើប និងប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសផងដែរ។
កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្ម បានធ្វើការអភិវឌ្ឍន៍ស្របតាមគោលនយោបាយ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលតែប៉ុណ្ណោះទេ ថែមទាំងបានជួយផ្តល់នូវ ការងារជាច្រើនប្រមាណ១០០០កន្លែងទៅ ១៥០០កន្លែង ដល់ប្រជាពលរដ្ឋ ក៍ដូចជាជួយលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងតំបន់ និងតំបន់ផ្សេងទៀតទូទាំងប្រទេសកម្ពុជាដោយប្រយោល ប្រកបដោយនិរន្តរភាព។
ដោយយោងទៅលើការអភិវឌ្ឍន៍ឥតឈប់ឈរ និងការប្រគួតប្រជែងលើការនាំចេញ ផលិតផលក្នុងស្រុកទៅកាន់បណ្តាទីផ្សារអន្តរជាតិរបស់កម្ពុជា ហើយដើម្បីជាការចូលរួម ចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសលើវិស័យដឹកជញ្ជូន ក្រុមហ៊ុន ខេអិលភី.ធី ត្រេនស្ពតថេសិន ឯ.ក ក៏បានស្នើសុំបង្កើតជាកំពង់ផែមួយនេះឡើង ដោយមានការឯកភាពតាមរយៈលិខិតអនុញ្ញាតលេខ 59 សជណ.អស ចុះថ្ងៃ ទី១២ ខែមករា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គឺដើម្បីជំរុញឱ្យវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត។
ទន្ទឹមគ្នានេះក៏អាចជួយកាត់បន្ថយជាអតិបរមានៃការ ដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងអាចផ្តល់ភាព ងាយស្រួលក្នុងការដឹកជញ្ជូនទំនិញពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់បណ្តាខេត្តផ្សេងៗទៀតក្នុងប្រទេស និងទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹកសាប ផ្លូវសមុទ្រ ឱ្យកាន់តែមានភាពងាយស្រួល និងអាចកាត់បន្ថយចំណាយលើការដឹកជញ្ជូន ព្រមទាំងអាចលើកកំពស់តំលៃទំនិញមួយចំនួនលើទីផ្សារផងដែរ មិនតែប៉ុន្នោះ ក្រុមហ៊ុនក៏ មានគម្រោងបង្កើតសេវាកម្មផ្សេងៗ មួយចំនួនទៀតផងដែរ នៅលើទីតាំងផែនេះដែលមានផ្ទៃដី ជាង ២០០ ហិកតា៕