ភ្នំពេញ៖ តាមការចាត់តាំងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូសភាកម្ពុជា ដែលត្រូវអញ្ជើញទៅចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៦ នៅទីក្រុងម៉ាណាម៉ា ព្រះរាជាណាចក្របារ៉ែន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ខាងមុខ។
កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៣ ដោយមានការចូលរួមពីតំណាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងគោលបំណង ដើម្បីធ្វើការបកស្រាយ និងផ្តល់ព័ត៌មានពិស្តារ អំពីស្ថានភាពនយោបាយជាតិ និងអន្តរជាតិ ការអនុវត្តច្បាប់ នីតិវិធីតុលាការ និងកិច្ចការសិទ្ធិមនុស្ស ជូនដល់គណៈប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយ លោក យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា ដើម្បីមានមូលដ្ឋានព័ត៌មានគ្រប់ជ្រុងជ្រោយចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៦ (IPU-146)។
លោក ជិន ម៉ាលីនថ្លែងថា «ព្រឹកនេះ តំណាងឱ្យស្ថាប័នទាំង២ គឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រសួងយុត្តិធម៌ ចូលរួមធ្វើការបកស្រាយ និងបំភ្លឺជូន គណៈប្រតិភូសភាកម្ពុជា ដែលនឹងត្រូវអញ្ជើញទៅចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៦ នៅទីក្រុងម៉ាណាម៉ា ព្រះរាជាណាចក្របារ៉ែន អំពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ នីតិរដ្ឋ ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌កម្ពុជា»៕ ដោយ៖ ពុទ្ធិពល