បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ ណែនាំដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រធានមន្ទីរពាក់ព័ន្ធ ត្រូវបន្តការយកចិត្តទុកដាក់ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់ ដែលក្នុងនោះត្រូវតាមរកមេខ្លោងឱ្យទាល់តែបាន ព្រោះបើមិនធ្វើការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ទេនោះ ធនធានដែលមាននៅបឹងទន្លេសាបនឹងត្រូវសាបរលាបជាបន្តបន្ទាប់ ធនធានមច្ឆជាតិក៏នឹងត្រូវបាត់បង់ផងដែរ ។
ការណែនាំរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ធ្វើឡើងកាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣ ក្នុងពេលលោកអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ដោយការមន្រ្ដីរាជការសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
លោកបន្តទៀតថា ក្នុងនោះដែរមិនត្រឹមតែបទល្មើសនេសាទតែមួយមុខប៉ុណ្ណោះទេ ក៏នៅមានបទល្មើសបន្តបន្ទាប់ទៀតដូចជាបទល្មើសល្បែងស៊ីសងខុសច្បាប់ បទល្មើសគ្រឿងញៀន ការជួញដូរមនុស្សច្បាប់ ឬការនាំយកពលករខុសច្បាប់ទៅធ្វើការនៅឯក្រៅប្រទេស ព្រោះបញ្ហាទាំងអស់នេះបង្កជារឿងអសន្ដិសុខនៅក្នុងប្រទេសឱ្យកាន់តែមានភាពវឹកវរ បង្កឱ្យប្រជាពលរដ្ឋមានការភិតភ័យ ដូចនេះត្រូវតែយកចិត្តទុកដាក់ឱ្យបានជាប់ជាប្រចាំ ។
ជាមួយគ្នានេះ លោក ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែខិតខំថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថានឱ្យបានស្អាតជាប្រចាំ ព្រោះខេត្តបាត់ដំបងទើបតែទទួលពានរង្វាន់ជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទង ដូចនេះត្រូវតែខិតខំថែរក្សាជ័យលាភីនេះឱ្យនៅគង់វង្សតាមរយៈការចូលរួមថែរក្សាអនាម័យបរិស្ថាន ការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ក៏ដូចជានៅតាមបណ្ដាស្រុកដទៃ ការរៀបចំសំណង់អាណាធិបតេយ្យឱ្យមានរបៀបរៀបរយដើម្បីឱ្យសាកសមទៅនឹងកិត្យានុភាពខេត្តដែលជាខេត្តទីក្រុងស្អាតផ្ការំដួល៣ទងផងដែរ ៕ ដោយ៖ ពុទ្ធិពល