ភ្នំពេញ៖ ឆ្នាំ២០២៣ កម្ពុជា មានព្រឹត្តិការណ៍បោះឆ្នោតចំនួន ២ លើក គឺលើកទី១ / ការបោះឆ្នោត លើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគឿងសែនជ័យ នៃខេត្តក្រចេះ ។ ក្រុងស្រុកទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលបង្កើត និងបំបែកថ្មី ព្រោះតាមច្បាប់តម្រូវឱ្យមានក្រុមប្រឹក្សាផងដែរ។
សម្រាប់ការបោះឆ្នោតនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ដោយមានគណបក្សនយោបាយ តែ៣ ប៉ុណ្ណោះ ចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុន ស៊ិនប៉ិច និងគណបក្សភ្លើងទៀន ។
ការបោះឆ្នោតនេះ គេហៅថា ការបោះឆ្នោតអសកល ដោយមានសិទ្ធិចូលរួមបោះឆ្នោត ពីសាមជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានជាប់ឆ្នោត កាលពីឆ្នាំ២០២២ កន្លងមកនេះ និងស្ថិតនៅក្នុងក្រុងស្រុកនោះតែប៉ុណ្ណោះ ។
លើទី២ / គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ។ គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះឈ្មោះចូលរួមការបោះឆ្នោតនេះបាន។ បច្ចុប្បន្នគណបក្សនយោបាយនានា បាននឹងកំពុងរៀបចំរចនាស្ព័ន្ធ និង ត្រៀមលក្ខណៈ ដើម្បីចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះ ។
ការបោះឆ្នោតនេះ ត្រូវបានគេហៅថា ការបោះឆ្នោត សកល ដែលប្រជាពលរដ្ឋគ្រប់រូបមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មានសិទ្ធិចូលរួមបោះឆ្នោត មួយនេះ ដើម្បីជ្រើសរើសគណបក្ស នយោបាយ ឬមេដឹកនាំ ដែលខ្លួនស្រឡាញ់ពេញចិត្ត៕ ដោយ៖ ពុទ្ធិពល