គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងមីនទំងន់ ៣៨,៥៦៧ គីឡូក្រាម ត្រូវបានរកឃើញនៅក្នុងទន្លេ

កណ្តាល៖ ប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនិងស្រង់នាវាលិចក្នុងទន្លេ ដែលមកពី ដែលមានអង្គភាពស៊ីម៉ាក់ និងបញ្ជាការដ្ឋានទ័ពពិសេសជាអ្នកអនុវត្ត បានរកឃើញនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងមីន នៅក្នុងទន្លេសរុប មានទំងន់ ៣៨,៥៦៧ គីឡូក្រាម។

លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឱ្យដឹងថា ចំពោះកិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនិងស្រង់នាវាលិចក្នុងទន្លេនេះ ក្រុមការងារអន្តរក្រសួង ដែលមានអង្គភាពស៊ីម៉ាក់ និងបញ្ជាការដ្ឋានទ័ពពិសេសជាអ្នកអនុវត្ត មានផែនការបោសសម្អាតផ្ទៃដីដែលបានកំណត់នូវទំហំប្រមាណជាង៣០០ហិកតា ហើយក្នុងទំហំប្រមាណជាង ៣០០ហិកតានេះ យើងបានបែងចែកជាបី(៣)ផ្នែកគឺ ផ្នែកទី១ ជាតំបន់ដីគោក ផ្នែកទី២ ជាតំបន់ដែលមានហានិភ័យទៀប ផ្នែកទី៣ ជាតំបន់ដែលមានហានិភ័យខ្ពស់ ដែលនិងប្រើរយះពេល១៨ខែ ក្នុងកិច្ចប្រតិបត្តិការនេះ។

លោកបន្តថា កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ នៅការដ្ឋានកោះពាមរាំងកន្លងមកនេះ ក្រុមការងារអន្ដរក្រសួងមានអង្គភាពស៊ីម៉ាក់ និងមានការចូលរួម កម្លាំងរបស់អង្គភាពទ័ពពិសេស បានចាប់ផ្តើមកិច្ចប្រតិបត្តិការចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដោយមានតែម៉ាស៊ីនបូមខ្សាច់អ៊ូតូច យើងបានរកឃើញនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងមីន សរុប មានទំងន់ ៣៨,៥៦៧ គីឡូក្រាម ក្នុងនោះរួមមាន៖មីន ចំនួន ៣៦គ្រាប់ គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ២,៦៧១គ្រាប់ និងកាំភ្លើងធុនស្រាល ចំនួន ០២ដើម បំណែកដែកទំងន់ ៦,៦១៣គីឡូក្រាម។

ក្នុងពិធីជួបសំណេះសំណាល និងប្រកាសបើកកិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនិងស្រង់នាវាលិចក្នុងទន្លេ (ការដ្ឋានទី១ កោះពាមរាំង)កាលពីថ្ងៃទី ១៧ ខែកុម្ភៈ លោក នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួងបានកោតសរសើរនិងវាយតម្លៃខ្ពស់ដល់កម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ និងកម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស និងបានផ្តាំផ្ញើត្រូវគោរពម៉ឺងម៉ាត់នូវបទបញ្ជា មានវិន័យ សាមគ្គីភាពល្អ និងខិតខំ យកចិត្ដទុកដាក់បំពេញការងារនេះប្រកបដោយឆន្ទៈមោះមុត តាមជំនាញអោយបានត្រឹមត្រូវ និងសម្រេចជោគជ័យជូនជាតិមាតុភូមិ ។

សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការស្រាវជ្រាវទីតាំង និង ឱ្យប្រមូលយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាដែលលិចនៅក្នុងទន្លេ កាលពីសម័យសង្គ្រាមស៊ីវិល ឱ្យអស់ ដើម្បីផ្តល់សុវត្ថិភាពជូនប្រពលរដ្ឋក្នុងការប្រើប្រាស់ទឹក និងនេសាទ៕ ដោយ៖ ពុទ្ធិពល