អភិបាលខេត្តតាកែវបញ្ជាឱ្យបង្ក្រាបក្មេងទំនើងឱ្យខានតែបាន

តាកែវ៖ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវបានបញ្ជាឱ្យស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមគ្នា ពង្រឹងការអនុត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសបង្ក្រាបឱ្យខានតែបានចំពោះក្រុមក្មេងទំនើង ចោរលួច ចោរឆក់ និងគ្រឿងញៀន ដែលកំពុងកើតមានឡើងនៅតាមមូលដ្ឋានខេត្ត។

ការដាក់បទបញ្ជាសារជាថ្មីរបស់លោក អ៊ួច ភា នេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ច ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ និងបន្ទាប់ពីមានករណីកាប់ចាក់ សម្លាប់ពីសំណាក់ក្រុមក្មេងទំនើងមួយក្រុម និងករណីឆក នៅក្នុងខេត្តកាលពីពេលថ្មីនេះ ធ្វើឱ្យពលរដ្ឋខ្លាចរអា និងហ៊ានធ្វើដំណើរឆ្លងកាត់ខេត្ត។

ក្នុងកិច្ចប្រជុំនេះ លោក អ៊ួច ភា បានប្រាប់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរក្រុង/ស្រុកទាំង១០ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានស្របទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលបាន ដាក់ចេញដើម្បីផ្ដល់នូវសេចក្ដីសុខ និងជីវភាពល្អប្រសើរដល់បងប្អូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោកក៏បញ្ជាឱ្យស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមគ្នា ពង្រឹងលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាប លើការងារសន្តិសុខសណ្តាប់ធ្នាប់ ជាផ្នែកមួយដ៏មានសារសំខាន់ ក្នុងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេស គឺត្រូវបង្ក្រាបឱ្យខានតែបានចំពោះក្រុមក្មេងទំនើង ចោរលួច ចោរឆក់ គ្រឿងញៀន ដែលកំពុងកើតមានឡើងនៅតាមមូលដ្ឋាន។

លោកថ្លែងថា៖ « ដូច្នេះដើម្បីទប់ស្កាត់លើបញ្ហាប្រឈមនេះបាន សូមលោកស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្រុក និងក្រុង ត្រូវធ្វើការសហការណ៍គ្នាអោយបានល្អ លើកផែនការយុទ្ធសាស្ត្រថ្មី តាមដាន និងកំណត់មុខសញ្ញាជនសង្ស័យ និងមុខសញ្ញាអ្នកចំណូលថ្មីនៅតាមមូលដ្ឋាន ដែលទើបតែមកស្នាក់នៅ ក្នុងទឹកដីនៃខេត្តតាកែវរបស់យើង ជាពិសេសត្រូវបង្កើនការត្រួតពិនិត្យ គោលដៅតាមដងផ្លូវនានាលើការឆែកឆេរកអាវុធជាតិផ្ទុះ កាំបិត ដាវ ត្រូវមានការដឹកនាំផ្ទាល់ដោយអាជ្ញាធរស្រុក និងក្រុង ធ្វើការសហការណ៍គ្នាអនុវត្តន៍លើការងារនេះ»៕ ដោយ៖ ពុទ្ធិពល