អភិបាលខេត្តព្រះសីហនុប្រាប់កុងស៊ុលវៀតណាមឱ្យសម្របសម្រួលពលករមកធ្វើការស្របច្បាប់

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានប្រាប់ លោក ឡៃ សួនឈាន (LAI XUAN CHIEN) អគ្គកុងស៊ុលថ្មី នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុឱ្យជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យពលករមកធ្វើការស្របច្បាប់នៅក្នុងខេត្តព្រះសីហនុ ។

ក្នុងជំនួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុនៅថ្ងៃទី ៩ ខែកុម្ភៈនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា រដ្ឋបាលខេត្ត បានសិក្សាអំពីលំហូរជនបរទេសដែលចូលរមករកការងារខេត្តព្រះសីហនុដោយខុសច្បាប់ ហើយរដ្ឋបាលខេត្តអនុវត្តតាមផ្លូវច្បាប់។

លោកអភិបាលខេត្ត ក៏បានស្នើសុំឱ្យពលករមកធ្វើការស្របច្បាប់ ដើម្បីកុំឱ្យមានជនខិលខូចឆ្លៀតឱកាសក្នុងការកេងប្រវញ្ញទៅលើកម្លាំងពលកម្ម ដូច្នេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។

លោកបន្តថា ទន្ទឹមនោះត្រូវបង្កើតកិច្ចសហប្រតិបត្តិការ និងជួយបញ្ចៀបការយល់ដឹងស្តីអំពីច្បាប់កម្ពុជា ដែលពួកគាត់មកធ្វើការនៅខេត្តព្រះសីហនុ ត្រូវគោរពតាមច្បាប់របស់កម្ពុជា ដើម្បីសុខដុមនីយកម្មទាំងអស់គ្នា ។

ជាមួយគ្នានេះ លោក ក៏បានស្នើសុំជួយសម្របសម្រួលដើម្បីទៅធ្វើទស្សកិច្ចខេត្តនៅខេត្តបាក់លីវ ប្រទេសវៀតណាមដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយនឹងខេត្តព្រះសីហនុ។

លោក LAI XUAN CHIEN អគ្គកុងស៊ុលថ្មី នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ ថ្លែងថា ការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅពេលនេះ ផ្តោតលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត កាត់បន្ថយនៃលំហូរពលករដោយខុសច្បាប់ ។

ទន្ទឹមនោះលោក អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ក៏បានជំរាបជូនពីពលករបរទេសធ្វើការនៅប្រទេសវៀតណាមមានដូចជាជនជាតិចិន និងជនជាតិកូរ៉េ មានប្រមាណជាង ៣ទៅ ៤ម៉ឺននាក់កំពុងធ្វើការ។

ជាមួយគ្នានេះ លោក អគ្គកុងស៊ុល បានឯកភាពចំពោះការលើកឡើងរបស់លោកអភិបាលខេត្ត ឱ្យពលករបរទេសទាំងអស់ត្រូវអនុវត្តច្បាប់របស់ប្រទេសនីមួយៗដែលជាការងាយស្រួលក្នុងការគ្រប់គ្រង៕ ដោយ៖ ពុទ្ធិពល