មុននឹងខ្ចីក្រៅផ្លូវការ ឬតាមអនឡាញ ពលរដ្ឋ ត្រូវពិនិត្យឱ្យច្បាស់លាស់ ចៀសវាងមិនទទួលស្គាល់ពីអាជ្ញាធរ

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) បានណែនាំដល់ប្រជាពលរដ្ឋមុនធ្វើការកម្ចី ពិសេសការប្រើប្រាស់កម្ចីក្រៅផ្លូវការ និងតាមប្រព័ន្ធអនឡាញ ត្រូវពិនិត្យ និងសម្រេចចិត្តឱ្យបានច្បាស់លាស់ ចៀសវាងប្រើកម្ចីមិនមានការទទួលស្គាល់ពីអាជ្ញាធរ។

បច្ចុប្បន្ននេះ ការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាតនៅបន្តមានវត្តមាន ដែលបង្កហានិភ័យខ្ពស់ដល់ប្រជាជននិងអ្នកប្រើប្រាស់។

ក្នុងសន្និសីទសារព័ត៌មានមួយស្តីពី «ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយ តបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ» នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថា «បន្ទាប់ពីសេចក្តីប្រកាសរួមរវាង ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ អំពីកម្ចីក្រៅផ្លូវការ ឬខុសច្បាប់តាមប្រព័ន្ធអនឡាញ យើងនឹងមានការផ្សព្វផ្សាយបន្ថែមទៀតដល់សហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ ដើម្បីឱ្យគាត់យល់ និងជ្រាបច្បាស់អំពីការជ្រើសរើស ឬប្រើប្រាស់កម្ចីពីស្ថាប័ន ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងមានការការពារអតិថិជនច្បាស់លាស់ ដើម្បីចៀសវាងកុំឱ្យអតិថិជនប្រើប្រាស់កម្ចីក្រៅផ្លូវការ និងមិនមានការទទួលស្គាល់ពីអាជ្ញាធរ»។

លោកបន្ដថា សមាគមមីក្រូហិរញ្ញវត្ថុ នឹងមានបញ្ជីឈ្មោះស្ថាប័នដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីធនាគារជាតិ ដើម្បីចែកជូនទៅតាមសហគមន៍នីមួយៗ ហើយប្រសិនពួកគាត់ពិនិត្យបញ្ជីឈ្មោះទៅ ហើយមិនឃើញស្ថាប័នដែលពួកគាត់មានបំណងចង់ប្រើប្រាស់កម្ចីនោះអាចមានបញ្ហា ឬពួកគាត់អាចរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងន័យនេះ នឹងអាចជួយប្រជាពលរដ្ឋ ដែលបំណងចង់ប្រើប្រាស់កម្ចីងាកមកប្រើប្រាស់កម្ចីផ្លូវការពីស្ថាប័ន ដែលទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា និងអាជ្ញាធារមានសមត្ថកិច្ច ហើយចៀសផុតពីកម្ចីក្រៅ ឬខុសច្បាប់ដែលមានហានិភ័យខ្ពស់”

លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានថ្លែងថា កម្ចីក្រៅផ្លូវការតែងតែមានលក្ខខណ្ឌងាយស្រួល តែបង្កហានិភ័យខ្ពស់ ដូចជាការប្រាក់ខ្ពស់។ ដោយឡែក សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការតែងតែពិនិត្យ និងសួរនាំច្រើន មុនផ្តល់កម្ចីដល់អតិថិជន ហើយអ្វីដែលសំខាន់ គឺពិនិត្យមើលលទ្ធភាពសងនិងគោលបំណងនៃឥណទាន ហើយទ្រព្យបញ្ចាំគឺស្ថិតនៅចំណុចក្រោយគេនៃលក្ខណៈវិនិច្ឆ័យមុនផ្តល់កម្ចី។ ដូច្នេះបរិយាបន្នហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ណាស់ ដែលជំរុញឱ្យប្រជាជនទទួលបានសេវាហិរញ្ញវត្ថុបានទូលំទូលាយ។

លោកអនុប្រធាន ក៏បានអំពាវនាវដល់សាធារណជន និងអ្នកមានបំណងចង់ប្រើប្រាស់កម្ចី ពិនិត្យនិងសម្រេចចិត្តឱ្យបានច្បាស់លាស់ មុននឹងប្រើប្រាស់កម្ចី ពិសេសការប្រើប្រាស់កម្ចីក្រៅផ្លូវការនិងតាមប្រព័ន្ធអនឡាញ ដែលផ្តល់លក្ខខណ្ឌកម្ចីងាយស្រួល តែបង្កហានិភ័យផ្សេងៗដល់ប្រជាពលរដ្ឋ។

សូមរំលឹកថា ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីជូនដំណឹងដល់សាធារណជនជ្រាបថា ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត៕ ដោយ៖ រិន ចំរើន