កម្ពុជាបានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដល់ដូសទី៦ ហើយៗ

ត្បូងឃ្មុំ-កំពង់ចាម៖ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាបានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដល់ដូសទី៦ ហើយៗ មូលហេតុដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជាបន្តបន្ទាប់រហូតដល់ ដូសទី៦ ក៏ព្រោះតែកងការពារក្នុងរាង្គកាយរបស់យើង មិននៅស្ថិតថេរបានយូរនោះទេ ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ថ្លែង ក្នុងអំឡុងពេលបំពេញបេសកកម្មនាថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ឱ្យដឹងថា កងការពារក្នុងរាង្គកាយរបស់យើងនឹងធ្លាក់ចុះជាបណ្តើរ បន្ទាប់ពីចាក់ដូសចុងក្រោយបាន ៤ខែ ហើយនឹងបន្តធ្លាក់ចុះអស់សឹងតែដល់សូន្យប្រសិនបើយើងពន្យាការចាក់ដូសជំរុញលើសពី ៨ខែ ឡើងទៅ។

ក្នុងន័យនេះ លោកស្រី ខិតខំធ្វើការពន្យល់ណែនាំបន្ថែមអំពីសារ:ប្រយោជន៍ទទួលបានពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញបន្តបន្ទាប់ ហានិភ័យនៃការចាក់មិនត្រឹមត្រូវ និងជំរុញឱ្យបុគ្គលគ្រប់រូប ជាពិសេស អ្នកដែលមានជំងឺប្រចាំកាយ និងជនវ័យចាស់ ចាំបាច់បំផុតទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជាបន្តបន្ទាប់ យ៉ាងហោចណាស់ឲ្យបាន ៦ដូស សម្រាប់បុគ្គលម្នាក់ៗ ព្រោះថា បេីចាក់ត្រឹមតែដូសមូលដ្ឋាននៃវ៉ាក់សាំងកូវីដ-១៩នោះ វាមិនគ្រប់គាន់នោះទេ។

លោកស្រីថ្លែងថា៖ « ទោះបីជាយើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញបាន ៦ដូសក្តី ក៏មិនត្រូវភ្លេចពីការបន្តការការពាខ្លួន “៣ការពារ និង៣កុំ” ទៅតាមរបៀបនៃការរៀនរស់នៅជាមួយវត្តមាននៃវីរុសកូវីដ-១៩ ឱ្យបានត្រឹមត្រូវផងដែរ»៕ ដោយ៖ ពុទ្ធិពល