ពន្ធដាររំលឹកម្ចាស់សហគ្រាសត្រូវបំពេញកាតព្វកិច្ចសារពើពន្ធចំពោះ សកម្មភាពអាជីវកម្មល្បែងពាណិជ្ជកម្ម

ភ្នំពេញ៖ ម្ចាស់សហគ្រាសត្រូវបំពេញកាតព្វកិច្ចសារពើពន្ធចំពោះ សកម្មភាពអាជីវកម្មល្បែងពាណិជ្ជកម្មដើម្បីអនុលោមតាមប្រកាសលេខ ១០៨០ សហវ.ប្រក ស្ដីពីវិធាន និងនីតិវិធី សម្រាប់អនុវត្តកាតព្វកិច្ចសារពើពន្ធចំពោះសហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្ម គិតចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ តទៅ។

នេះ បើយោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ ជម្រាបជូនលោក-លោកស្រីនាយក និងម្ចាស់សហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្មទាំងអស់។

សេចក្តីជូនដំណឹងនេះបន្តថា ចំពោះសកម្មភាពអាជីវកម្មផ្សេងទៀតក្រៅពីល្បែងពាណិជ្ជកម្ម សហគ្រាសត្រូវមាន កាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ-អាករនានា គិតចាប់ពីកាលបរិច្ឆេទនៃដំណើរការអាជីវកម្ម ស្របតាមច្បាប់និង បទប្បញ្ញត្តិស្តីពីពន្ធដារ។

កន្លងមក អគ្គនាយកដ្ឋានពន្ធដាបានកត់សម្គាល់ឃើញថា សហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្មមួយ ចំនួនបានបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ-អាករនានា ចំពោះសកម្មភាពអាជីវកម្មក្រៅពីល្បែងពាណិជ្ជកម្ម ជូនរដ្ឋបាលសារពើពន្ធ ដោយឡែកសហគ្រាសមួយចំនួនទៀតពុំទាន់បានបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ-អាករ នានានៅឡើយ។

ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់លោក-លោកស្រីនាយកសហគ្រាសថា ការមិនបានបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ ត្រូវទទួលរងទោសទណ្ឌដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិ ស្តីពីពន្ធដារ ជាធរមាន។

ដោយផ្អែកតាមចំណារលោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឯកភាពផ្ដល់ ការលើកទឹកចិត្ត និងផ្តល់ការអនុគ្រោះលើកលែងទោសទណ្ឌនានា រួមមានពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវដល់សហគ្រាស ដែលចូលខ្លួនមកប្រកាស និងបង់ប្រាក់ពន្ធ-អាករនានាដោយស្ម័គ្រូចិត្ត ចំពោះសកម្មភាពអាជីវកម្មក្រៅពីល្បែងពាណិជ្ជកម្ម ដែលមានការភ្លាំងភ្លាត់ ឬខកខានកន្លងមក គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២៣។

ក្នុងករណីសហគ្រាសលោក-លោកស្រីនៅតែមិនមកបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ-អាករនានាជូនរដ្ឋបាល សារពើពន្ធ តាមកាលកំណត់ខាងលើនេះទេ ត្រូវចាត់ទុកថាបានប្រព្រឹត្តអំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ នឹងត្រូវទទួលរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា លោក-លោកស្រីនាយកសហគ្រាសប្រកបអាជីវកម្ម ល្បែងពាណិជ្ជកម្មទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារខាងលើនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ៖ ពុទ្ធិពល