កំពង់ស្ពឺ៖ អនុវត្តតាមគោលការណ៍និងការចង្អុលណែនាំលោក សម សាមួន ស្នងការនគរបាលខេត្ដ កំលាំងនគរបាលសេដ្ឋកិច្ចកាលពីថៃ្ង៣១ ខែមករា ២០២៣បានចុះត្រួតពិនិត្យទីតាំងយានដ្ឋានជួសជុលរថយន្ត និងបាញ់ថ្នាំ ០៥កន្លែងស្ថិតនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង រកឃើញរថយន្ត ១២ គ្រឿង ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឱ្យដឹងថា ទីតាំងបាញ់ថ្នាំរថយន្តលក្ខណៈគ្រួសារ ចំនួន០៣ កន្លែងជំនាញមន្ទីរសាធារណការណែនាំឲ្យម្ចាស់ទីតាំងស្នើសុំច្បាប់អាជីវកម្មឲ្យបានត្រឹមត្រូវនៅពេលបើកដំណើរការ។
ប្រភពដដែលបន្តថា ទីតាំងយានដ្ឋាន ចំនួន ០២ មានច្បាប់ត្រឹមត្រូវ។ ជាក់ស្ដែងរថយន្តចំនួន១២ គ្រឿង ស្ថិតនៅទីតាំងទាំង០៥ ខាងលើ មានឯកសារត្រឹមត្រូវ ជាប្រភេទរថយន្ដបែនដឹកដី ចង្កូតស្ដាំដែលរាជរដ្ឋាភិបាលផ្ដល់ការអនុគ្រោះអនុញ្ញាតអោយធ្វើការបង់ពន្ធលេីរថយន្ដចង្កូតស្ដាំគ្មានពន្ធនាំចូលដែលមានស្រាប់នៅក្នុងស្រុក និងមិនអនុញ្ញាតអោយបន្ដលួចនាំចូលមកក្នុងប្រទេសតាមរយៈជាលក្ខណៈគ្រឿងបន្លាស់រួចយកមកតម្លើងបង្គុំជារថយន្ដដើម្បីកែជាប្រភេទដឹកដី។ ល។
កន្លងទៅរាជរដ្ឋាភិបាលក្រោមការអនុគ្រោះបំផុតពីប្រមុខដឹកនាំសម្ដេចតេជោបានអនុញ្ញាតអោយមានការលើកលែងមិនអោយមានការកែចង្កូតពីស្ដាំមកឆ្វេងប៉ុន្ដែអនុញ្ញាតិអោយបង់ពន្ធជូនរដ្ឋ លើរថយន្ដដែលមានស្រាប់និងជាតំរូវការរបស់បងប្អូនប្រជាពលរដ្ឋយើងលើការចាំបាច់ការដឹកជញ្ជូនកសិផល ឬអាជីវកម្មនានាដើម្បីកុំអោយក្លាយជាបញ្ហាហានិភ័យលើបច្ចេកទេសនៃការកែចង្កូតរថយន្ដនេះ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ទាំងរដ្ឋមន្ត្រីក្រសួងសាធាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល និងសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យយានដ្ឋាន និងកែច្នៃខុសច្បាប់ ដើម្បីមានវិធានការ ធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេស៕ ដោយ៖ ពុទ្ធិពល