ភ្នំពេញ៖ គម្រោងសាងសង់ស្ថានីយ៍ច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ គិតរហូតមកទល់ពេលនេះសម្រេចវឌ្ឍនភាពការងារបាន៨០%ហើយ ដែលក្នុងនោះរួមមាន៖ អគារច្រកទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រផងដែរ។
នេះបើតាមរបាយការណ៍របស់មន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីធនាគារពិភពលោក (World Bank) លើកម្មវិធីគាំទ្រសម្របសម្រួលពាណិជ្ជកម្មកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីប្រព័ន្ធលំហូរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ តាមរបត់SSI (Sensitive Security Information) កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ ។
ក្នងពិធីបើកការដ្ឋានកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសាន៍ថា នៅក្រោយពេលដាក់ឱ្យដំណើការនូវ អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់ទៅផ្លូវ ជាតិលេខ៥ នេះ ស្ថានភាពកកស្ទះចរាចរណ៍ដែលតែងតែរំខានដល់ការនាំចេញ នាំចូលទំនិញនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងត្រូវបញ្ចប់ ថែមទាំងផ្តល់កាលានុវត្តភាពថ្មីដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៃប្រទេសទាំងពីរ (ថៃ-កម្ពុជា) ឱ្យកាន់តែល្អប្រសើរទៀតផង។ បើតាមការថ្លែងបន្តរបស់សម្ដេចតេជោ។
សម្ដេចតេជោ សង្ឃឹមថា វិនិយោគិនថៃ នឹងចូលរួមធ្វើការវិនិយោគក្នុងគម្រោងនៅតំបន់ស្ទឹង បត់ ធ្វើជាតំបន់ឡូជីស្ទីក (Logistic) តំបន់ពាណិជ្ជកម្ម តំបន់ឃ្លាំងឧស្សាហកម្ម តំបន់ពាណិជ្ជ កម្ម និងតំបន់ស្នាក់នៅ ដែលនឹងចូលរួមក្នុងការអភិវឌ្ឍតំបន់ស្ទឹងបត់ទាំងមូល បន្ទាប់ពី គម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់នេះ ដាក់ឱ្យដំណើរការ។
លោក យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ទឹងបត់ ក៏បានរំពឹងដែរថា ថា បន្ទាប់ពីគម្រោងនេះដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវឌ្ឍន៍មួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។
ធនាគារពិភពលោក ក៏បានបង្ហាញការឯកភាពគម្រោងខាងលើនេះ និង លើកឡើងពីនីតិវិធី និងការសម្របសម្រួលការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឆ្លងកាត់តាមព្រំដែន តាមរយៈការអនុវត្តអនុស្សរណៈ និងកិច្ចព្រមព្រៀងផ្សេងៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូននៅក្នុងប្រទេស និងតំបន់។
សូមរំលឹកថា គម្រោងសាងសង់អគារច្រកព្រំដែននេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៩២៨លានបាត ស្មើនឹងប្រមាណ ២៦.៤២លានដុល្លារ៕ ដោយ៖ ពុទ្ធិពល