ភ្នំពេញ ៖ នាឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១-២៤ ខែមករា ២០២៣ មានភ្ញៀវទេសចរ បានចេញដើរកម្សាន្ត្រទូទាំងកម្ពុជាចំនួន ១,០៤៩,២២២នាក់ ក្នុងនោះ ភ្ញៀវជាតិ ១,០០៧,១៦៦នាក់ និងភ្ញៀវបរទេស ៤២,០៥៦នាក់។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៥ មករា បានឲ្យដឹងថា ដោយសារចូលឆ្នាំចិនឆ្នាំនេះ ប៉ះចំចុងសប្តាហ៍ ចរន្តភ្ញៀវទេសចរ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់គោលដៅទេសចរណ៍នានាមានសភាពផុសផុលច្រើន ខណៈប្រជាពលរដ្ឋមួយចំនួនបានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រដើម្បីរៀបចំសែនតាមប្រពៃណីចិន។
គោលដៅទេសចរណ៍ទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរកកកុញ ខណៈប្រជាពលរដ្ឋភាគច្រើនដើរកម្សាន្តជាលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅ។
ដោយឡែក សម្រាប់ខេត្តព្រះសីហនុភ្ញៀវទេសចរភាគច្រើនទៅព្រឹក មកវិញល្ងាច ជាមួយការធ្វើដំណើរតាមផ្លូវល្បឿនលឿន។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋមួយចំនួនបានយកតាមខ្លួននូវម្ហូបអាហារដែល បានសែនរួច ទៅបរិភោគដើម្បីកាត់បន្ថយចំណាយមួយចំនួនផងដែរ។
ចំពោះការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរមិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់៕
ដោយ៖ រិន ចំរើន