សម្ដេចតេជោថា ការបើកប្រាក់ខែឲ្យមន្រ្តីរាជការ តាមធនាគារ រកឃើញមន្ដ្រីខ្មោចរាប់ម៉ឺននាក់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងថា ការបើកប្រាក់បៀវត្សជូនមន្ដ្រីរាជការ តាមប្រព័ន្ធធនាគារមានអត្ថប្រយោជន៍ច្រើន ពិសេសបានរកឃើញមន្ដ្រីខ្មោចរាប់ម៉ឺននាក់ ដោយមានតែឈ្មោះក្នុងស្ថាប័ន តែមិនមកធ្វើការ។

ក្នុងឱកាសប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោបានមានប្រសាសន៍ថា ការ បើកប្រាក់បៀវត្សតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយបាន កន្លងមកការបើកប្រាក់បៀវត្សតាមរយៈលុយសុទ្ធ គឺត្រូវការសុវត្ថិភាព នៃដឹកលុយ។

សម្ដេចតេជោឲ្យដឹងថា «យើងអនុវត្តបើកប្រាក់ បៀវត្សតាមប្រព័ន្ធានាគារនេះ យើងរកឃើញមន្ដ្រីខ្មោចរាប់ម៉ឺននាក់ដែលវាមានតែឈ្មោះ អត់មានមនុស្ស។ រីឯអ្នកខ្លះ មនុស្សម្នាក់ធ្វើការងារបីកន្លែង ធ្វើការនៅក្រសួងនេះ ឈ្មោះនេះ ធ្វើការនៅក្រសួងនោះ ឈ្មោះនោះ អីចឹងទេយើងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ម្ខាងជំរុញល្បឿនៃដំណើរការ និងម្ខាងទៀត គឺរុញអនឡាញ និងបញ្ហាជីឌីថលនេះ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ»។

សម្ដេចតេជោបន្តថា ការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ធ្វើឡើងតាមប្រព័ន្ធធនាគារនេះ នឹងមិនវិលត្រឡប់ទៅបើកជាសាច់ប្រាក់ ទៀតឡើយ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ។

សូមបញ្ជាក់ថា ថ្មីៗនេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានស្នើរាជរដ្ឋាភិបាលឲ្យបើកប្រាក់មន្រ្តីរាជការជាប្រាក់សុទ្ធវិញ តែក្នុងនាមសម្តេចជាអ្នកដឹកនាំរាជរដ្ឋាភិបាលមិនអាចធ្វើតាមសំណើរនេះបានទេ ព្រោះបើកតាមប្រព័ន្ធបច្ចេកវិទ្យាសម័យទំនើបនេះ ធានាសុវត្ថិភាពជាង៕
ដោយ៖ រិន ចំរើន