សម្ដេចតេជោ ឲ្យពលរដ្ឋត្រៀមលក្ខណៈ ដើម្បីឲ្យព្រឹត្តិការណ៍រាប់ថយក្រោយ១០០ថ្ងៃនៃស៊ីហ្គេម ផ្ទុះឡើង បន្ទាប់ចាំអស់៦០ឆ្នាំ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានប្រាប់ប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍រាប់ថយក្រោយ១០០ថ្ងៃ នៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផ្ទុះឡើងនៅទូទាំងប្រទេស បន្ទាប់ពីកម្ពុជាបានរងចាំអស់រយៈពេល៦០ឆ្នាំមកនេះ។

កីឡាស៊ីហ្គេមដែលកម្ពុជាទន្ទឹងរង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈជាយូរឆ្នាំមកនោះ នឹងមកដល់នៅដើមខែឧសភាឆ្នាំ២០២៣ខាងមុខ។

ថ្លែងចេញពីក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នាថ្ងៃ២៣ មករា សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ រួមគ្នារៀបចំការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេមឲ្យទទួលបានជោគជ័យ ខណៈព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងយាងប្រទានព្រះភ្លើងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមពីខេត្តសៀមរាបមក។

សម្ដេចតេជោបញ្ជាក់ថា «សូមកុំភ្លេចថា ថ្ងៃទី២៥ ខែមករា ថ្ងៃខានស្អែកនេះ គឺជាថ្ងៃដែលយើងត្រូវធ្វើយុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃ នៃស៊ីហ្គេម ។ សូម កុំភ្លេច! ពេលធ្វើនោះ គឺធ្វើឱ្យផ្ទុះនៅទូទាំងប្រទេសឡើង ។ កម្ពុជាត្រូវចាំរយៈពេល៦០ឆ្នាំ»។

សម្ដេចតេជោបន្ដថា កម្ពុជា ត្រូវរង់ចាំរហូតដល់៦០ឆ្នាំ ដើម្បីអាចធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម ពីព្រោះម្ខាងដោយ សារសភាពការណ៍ប្រទេសជាតិ មិនអំណោយផង និងម្ខាងទៀតដោយសារខ្វះហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឲ្យការរៀបចំ តែឆ្នាំនេះ កម្ពុជា មានឱកាសក្នុងការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេមលើកទី៣២។

សម្ដេចតេជោបន្តទៀតថា នេះជាព្រឹត្តិការណ៍ដ៏ធំដែលគ្រោងចំណាយថវិកាក៏ច្រើនប្រហែល១០០លានដុល្លារ។

សូមរំលឹកថា កម្ពុជាបានត្រៀមវិញ្ញាសាជាង៥០០វិញ្ញាសា សម្រាប់ដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខណៈកីឡា៣៩ប្រភេទ បូកកីឡាសម្ដែង ១ប្រភេទ ត្រូវបានអនុម័តរួចរាល់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាពេលកន្លងទៅ៕ ដោយ៖ រិន ចំរើន