ភ្នំពេញ ៖ លោក ហូរ វ៉ាន់បច្ចុប្បន្នកំពុងរស់នៅលើទឹកដីមហាអំណាច គឺសហរដ្ឋអាមេរិក ក្រោយរត់គេចពីសំណាញ់ច្បាប់ជាមួយបក្ខពួកខ្លួនជាពិសេសលោក សម រង្ស៊ីនោះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានបោះដៃហៅលោកឲ្យមកស្រុកខ្មែរ ដោយសម្តេចប្រកាសលើកលែងទោសឲ្យ។
លោក ហូរ វ៉ាន់ ជាអតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ និងជាមនុស្សជំនិតរបស់លោកសម រង្ស៊ីម្នាក់ដែរនោះ ត្រូវបានរត់គេចពីស្រុកខ្មែរក្រោយការ បោះឆ្នោតឆ្នាំ២០១៣ ដោយសារជាប់ពាក់ព័ន្ធនឹងការដឹកនាំធ្វើបាតុកម្មដខុសច្បាប់ជាលក្ខណៈទ្រង់ ទ្រាយធំ នៅលើផ្លូវវេងស្រេង ។ លោកក៏ត្រូវបានជាប់ទាក់ទិននឹងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ផងដែរ។
ថ្លែងចេញពីក្នុងឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោបានប្រកាសលើកលែងទោសដល់អ្នកគ្រប់គ្នាដែលផ្តាច់ខ្លួនចេញពីលោកសម រង្ស៊ី ក្នុងនោះលោក ហូរ វ៉ាន់បើចង់វិលមកស្រុកខ្មែរមកចុះ ។
សម្ដេចតេជោបន្តថា «កូនអា វ៉ាន់ គឺជាអនុប្រធានក្រុមការងារគណបក្សភ្លើងទៀននៅភ្នំពេញ ។ អាវ៉ាន់ អញផ្ដាំទៅ មកស្រុកមក ។ ហែងទៅតាមគេធ្វើអី…មក អញលើកលែងទោសឱ្យដែលហែងចង់មក ព្រោះសេចក្ដីត្រូវការរបស់ខ្ញុំ គឺកំចាត់តែអាអ្នកដឹកនាំនយោបាយជ្រុលនិយមតែម្នាក់ទេ ។ ក្រៅពីនោះផ្ដាច់ខ្លួន គឺលើកលែងទោសឱ្យ ។ និយាយគ្នាឱ្យច្បាស់ៗចឹង»។
សូមរំលឹកថា សាលាឧទ្ធរណ៍កម្ពុជា បានសម្រេចតម្កល់ សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ជុំវិញការកាត់ទោស លោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក គង់ សុភា និងលោក សេង ម៉េងប៉ុនរ៉ុង ជាសមាជិកក្រុមប្រឆាំង ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យប្រាក់ម្នាក់ៗ ៤លានរៀល៕
ដោយ៖ រិន ចំរើន