ភ្នំពេញ៖ ថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើអោយប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មកដល់សព្វថ្ងៃនេះ។ ដើម្បីឆ្លើយតបជាមួយនឹងគុណបំណាច់នេះ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានសម្រេចដាក់ឈ្មោះផ្លូវ២ខ្សែជូនថ្នាក់ដឹកនាំនៃប្រទេសនេះផងដែរ។
ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ លោក ស៊ូឌីម៉ាន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅសាលារាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងថា ក្រោយពីមានការណែនាំពីសម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានកសាងផ្លូវ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វា ដើម្បីរំដោះចរាចរ ពិសេស ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែ ឧសភា ឆ្នាំ២០២៣ខាងមុខនេះ។
លោកបន្តថា ផ្លូវ២ខ្សែនេះនឹងត្រូវដាក់ឈ្មោះជា វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ដើម្បីតបស្នងថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើអោយប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មកដល់សព្វថ្ងៃនេះ។
លោលក ស៊ូឌីម៉ាន ហាសេង ក្នុងឱកាសនោះបានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះព័ត៌មានដ៏ល្អបំផុត ដែលផ្លូវនៅរាជធានីភ្នំពេញ ចំនួន២ខ្សែត្រូវបានថ្នាក់ដឹកនាំកម្ពុជាដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺវិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ។
បន្ថែមពីនេះ លោក ក៏បានលើកឡើងពីការរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញផងដែរ ដោយលោកបញ្ជាក់ថា ៖ រាជធានីភ្នំពេញ មុនលោកមកកាន់តំណែងជាឯកអគ្គរដ្ឋទូត អគារខ្ពស់ៗ អាចរាប់បានដោយម្រាមដៃ តែពេលនេះ អគារខ្ពស់ៗបានរីកដូចផ្សិត មិនអាចរាប់ដោយម្រាមដៃបានដូចមុននោះទេ៕
ដោយ៖ ពុទ្ធិពល