ភ្នំពេញ៖ សៀវភៅ សម្ដេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ-១៩ ជាស្នាដៃរបស់ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ បានបង្ហាញកាន់តែច្បាស់អំពីភក្ដីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិ និង ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេស និងយល់កាន់តែច្បាស់អំពីទេពកោសល្យសិល្បៈនៃកការដឹកនាំ ការចាត់ចែង ការបែងចែកការងារដ៏ប៉ិនប្រសប់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំង ការទប់ស្កាត់ ការរីករាលដាលជំងឺដ៏កាចសាហាវកូវីដ-១៩។
សារព័ត៌មានខ្មែរឈានមុខ នឹងផ្សាយមួយវគ្គម្ដងៗនូវខ្លឹមសារក្នុងសៀវភៅនេះ ដើម្បីឱ្យសាធារណជនជ្រួតជ្រាបពីកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ ក្នុងការជួយសង្គ្រោះជីវិតប្រជាជន ការស្រោចស្រង់សេដ្ឋកិច្ចជាតិឡើងវិញ ក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នៃជំងឺកូវីដ-១៩ ហើយលោកអ្នកនឹងនឹកឃើញនូវអនុស្សាវរីយ៍របស់ខ្លួនដែលបានឆ្លងកាត់ដ៏ញាប់ញ័រក្នុងពេលបិទខ្ទប់ និងការបែងចែកតំបន់ក្រហម តំបន់លឿង និងលឿងទុំ។
វគ្គ៥ «ឧបត្ថម្ភគ្រួសារដែលមរណភាពដោយសារកូវីដ-១៩»
បន្ទុកដ៏ធ្ងន់មួយទៀតដែលរាជរដ្ឋាភិបាលត្រូវរែកពន់គឺការផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារជនរងគ្រោះដែលទទួលមរណភាពដោយសារជំងឺរាតត្បាតកូវីដ-១៩។ ជិត២ខែ បន្ទាប់ពីព្រឹត្តិការណ៍២០កុម្ភៈ និងការរាតត្បាតឥតថមថយរបស់កូវីដ-១៩ និងកាន់តែបណ្តាលឱ្យមានអ្នកជំងឺមរណភាពផង ដើម្បីសម្រាលបន្ទុកក្រុមគ្រួសារជនរងគ្រោះដែលមិនបានទាំងឃើញមុខ ឬនិយាយលាគា្នចុងក្រោយនោះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចដាក់ចេញនូវវិធានការជួយដល់គ្រួសារដែលស្លាប់ដោយសារកូវីដ-១៩ ឧបត្ថម្ភ និងជួយចេញថ្លៃទឹក ថ្លៃភ្លើង ជាដើម។
នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះគ្មានការថមថយទេ ប៉ុន្តែបែរជាកាន់តែធ្ងន់លើសមុន បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរឹងក្ដី ក៏ប៉ុន្តែដោយសារជំងឺនេះ មកដល់លឿនពេកដែលហៅថា ជំងឺបំប្លែងភេទ ហើយនឹងការអភិបាលកិច្ចនៅតំបន់មួយចំនួនមិនត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់ដែលធ្វើឱ្យចំនួនកើនឡើង។ គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៤៨៣នាក់។ ការកើនឡើងបន្ថែមនៃចំនួននេះ ធ្វើឱ្យអ្នកជំងឺកូរីដ-១៩ សរុបនៅកម្ពុជា កើនឡើងដល់ជាង៤ពាន់នាក់។
ខណៈប្រទេសជិតខាងរបស់កម្ពុជាដូចជាវៀតណាម បានគ្រប់គ្រងបានយ៉ាងល្អក្នុងសភាពការណ៍ឆ្លងក្នុងសហគមន៍មុនកម្ពុជា។ នៅប្រទេសថៃក៏គ្រប់គ្រងបានល្អ ទើបនឹងមានការឆ្លងរីករាលដាលនៅដំណាក់កាល ពីរបីថ្ងៃចុងក្រោយនេះនៅទីក្រុងបាងកក។ សម្រាប់កម្ពុជាការវាយប្រហារចំ រាជធានីភ្នំពេញ ខេត្តព្រះសីហនុខ្លាំង ប៉ុន្តែបណ្តាខេត្តនានាមានចំនួនតិចតួច។ សម្រាប់រាជធានីភ្នំពេញ គ្រាន់តែរោងចក្រមួយឈ្មោះ ឌីហាន មានអ្នកវិជ្ជមានកូវីដ-១៩ ទៅដល់៦៣៨នាក់ ក្នុងនោះផ្សារអូរឫស្សីក៏មានអ្នកឆ្លងយ៉ាងច្រើន។
ដូច្នេះ ចំពោះគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩ រដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹកស្អាត និងថ្ងៃអគ្គិសនីអប្បបរមារយៈពេល៥ខែបន្ថែមលើការអន្តរាគមន៍ជួយដែលដាក់ចេញកន្លងមក ប៉ុន្តែគោលការណ៍នេះដោះស្រាយសម្រាប់តែប្រជាជនកម្ពុជាប៉ុណ្ណោះ។
សម្ដេចតេជោ ទាំងចិត្តក្រៀមក្រំក៏បានថ្លែង នូវការរំលែកមរណទុក្ខចំពោះគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ និងថ្លែងសារសួរសុខទុក្ខចំពោះបងប្អូនប្រជាពលរដ្ឋដែលជាអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាល និងបងប្អូនដែលកំពុងជាប់ធ្វើចត្តាឡីស័កផងដែរ។
តាមរយៈសារជាសំឡេងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេច តេជោ ហ៊ុន សែន មានប្រសាសន៍ថា កន្លងទៅសពនីមួយៗទទួលបាននូវថវិកាចំនួន១០លានរៀល និងអង្ករ១០០គីឡូក្រាម។ មានន័យថា ៥លានរៀលទទួលពីក្រសួងសុខាភិបាល រីឯ៥លានរៀល និងអង្ករ១០០គីឡូក្រាមទៀតទទួលបានពីសាលារាជធានីភ្នំពេញ។ ក្នុងដំណាក់កាលនេះ កម្ពុជាទើបនឹងមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន២៤នាក់ ក្នុងនោះ គឺមានជនបរទេសជាជនជាតិកូរ៉េ និងចិនផង។
សម្តេចតេជោ មានប្រសាសន៍ថា ការឧបត្ថម្ភនេះអាចសម្រាលបន្ទុក អ្នកដែលនៅរស់រានមានជីវិត និងក៏ជាការបន្ធូរបន្ថយមួយនូវការលំបាកសម្រាប់ក្រុមគ្រួសារដែលបានបាត់បង់សមាជិក។ នេះជាអន្តរាគមន៍ទី១សម្រាប់ក្រុមគ្រួសារដែលមានមនុស្សទទួលមរណភាពដោយសារកូរីដ-១៩។ ក្រៅពីនេះ សម្តេចតេជោក៏បានអំពាវនាវក្រុមហ៊ុនអគ្គិសនី រដ្ឋាករទឹកស្វយ័ត ចូលរួមឧបត្ថម្ភអ្នកស្លាប់ អ្នកឆ្លង អ្នកធ្វើចត្តាឡីស័កដោយសារកូវីដ-១៩ នៅតំបន់បិទខ្ទប់ បើមិនបាន១០០ភាគរយទេ ក៏មានបដិភាគណាមួយតាមស្ម័គ្រចិត្ត។ ឧទាហរណ៍រាជរដ្ឋាភិបាលចេញបានប៉ុន្មាន ក្រុមហ៊ុនអគ្គិសនីចេញបានប៉ុន្មាន? ដើម្បីរួមចំណែកដោះស្រាយបញ្ហាដ៏ធំនៅក្នុងសង្គម។
បញ្ហានេះ ត្រូវអនុវត្តមិនមែនសម្រាប់តែនៅរាជធានីភ្នំពេញទេ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវធ្វើនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសតែម្តង។ ធ្វើយ៉ាងនេះ ដើម្បីកុំឱ្យអ្នកដែលជាប់ធ្វើចត្តាឡីស័ក ដោយវិធានការតម្រូវហ្មត់ចត់ដែលមានការហ៊ុមព័ទ្ធ មិនអាចចេញទៅណាបានខ្វះស្បៀងអាហារ។ ករណីនេះ គឺមិនមែនគ្រាន់តែអនុវត្តត្រឹមតែរាជធានីភ្នំពេញទេ គឺមានវិសាលភាពទូទាំងប្រទេស ហើយអនុវត្តតែក្នុងករណីព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ដោយមិនវិលត្រលប់ទៅឆ្នាំ២០២០ ឬមុនថ្ងៃទី២០ ខែកុម្ភៈនោះទេ៕ ដោយ៖ គង់ សេដ្ឋាមុនី