រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី២៦ មីនានេះ បានព្រមានចាត់វិធានការលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានក្នុងស្រុកចំនួនបី បើអង្គភាពសារព័ត៌មានទាំងនេះមិនគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ ហើយនៅតែបន្តផ្សព្វផ្សាយព័ត៌មាន មិនមានមូលដ្ឋាន ច្បាស់លាស់ មិនមានតុល្យភាព ដែលនាំឱ្យសាធារណមតិមានការយល់ច្រឡំនោះទេ។
ការព្រមានបែបនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានដំណើរ ការសាកសួរលើករណីការចុះផ្សាយអត្ថបទព័ត៌មានរបស់អង្គភាពទាំងបីដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ។ នេះបើយោងលិខិតចុះថ្ងៃទី២៦ មីនា របស់ក្រសួងព៌ត៌មាន។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រោយពីបានស្តាប់ការបំភ្លឺរបស់ចាងហ្វាងនៃអង្គភាពទាំងបីនេះ ព្រមទាំងបានពិនិត្យ ស្រាវជ្រាវ និងវាយតម្លៃ យ៉ាងយកចិត្តទុកដាក់ឃើញថា ការផ្សាយរបស់អង្គភាពទាំងបីខាងលើ គ្មានមូលដ្ឋានច្បាស់លាស់ មិនមាន តុល្យភាព អនុវត្តតួនាទីលើសពីអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមាន ការយល់ច្រឡំ។
ជាដំណោះស្រាយចំពោះបញ្ហាខាងលើនេះ លោករដ្ឋមន្រ្តី បានព្រមានជាលើកចុងក្រោយ ឱ្យអង្គភាពសារព័ត៌មានទាំងបីខាងលើនេះគោរពឱ្យបាន ខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ និងបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋាន ច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យសាធារណមតិមានការយល់ច្រឡំ។
ព្រមជាមួយគ្នានេះ ក្នុងករណីមិនអនុវត្តតាមការ ព្រមាននេះ ក្រសួងនឹងលុបប្រកាសអនុញ្ញាតធ្វើអាជីកម្ម និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ នេះបើតាមការគូសបញ្ជាក់របស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន។
សូមរំលឹកថា លោក នេត្រ ភក្ក្រា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ សម្រេចលុបអាជ្ញាបណ្ណគេហទំព័រ «ជីវិតនិងកីឡា» ( www.lifeandsports.news ,www.lifeandsports.online) ក្រោយពីម្ចាស់គេហទំព័របានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងមិនអនុវត្តតាមនីតិវិធី មិនទទួលយកតាមការណែនាំ និងបន្តបំពានលើលិខិតបទដ្ឋានគតិយុត្តជាធរមាន៕