ព្រះសីហនុ៖ នៅក្នុងរយៈពេល ៥៣ថ្ងៃ នៃថ្ងៃធ្វើការ (គិតចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤) នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ សាលាដំបូងខេត្តព្រះសីហនុ មានសំណុំរឿង អត្រានុកូលដ្ឋានសរុបចំនួន ៩៤រឿង និងបានចំណាត់ការចំនួន ៩៤រឿង។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ បញ្ជាក់ថា សម្រាប់ សំណុំរឿងមុនយុទ្ធនាការ (មុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤) មានចំនួន ៥៤រឿង ត្រូវបានចាត់ការរួច ចំនួន ៥៤រឿង។
ប្រភពដដែលបន្ថែមថា៖«ក្នុងអំឡុងពេលយុទ្ធនាការ មានសំណុំរឿងអត្រានុកូលដ្ឋានចូលថ្មីចំនួន ៤០រឿង ហើយត្រូវបានចាត់ការរួចចំនួន ៣៥រឿង។ សរុបជារួម ក្នុងរយៈពេល ៥៣ថ្ងៃ សាលាដំបូងខេត្តព្រះសីហនុ បានចាត់ការសំណុំរឿងអត្រានុកូលដ្ឋាន ចំនួន ៨៩រឿង»។
ជាមួយគ្នានេះ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុបញ្ជាក់ជូនបន្ថែមថា ចំពោះសំណុំរឿងអត្រានុកូលដ្ឋាន ដែលនៅសល់កំពុងចាត់ការចំនួន ០៥រឿង សាលាដំបូងខេត្តព្រះសីហនុ នឹងខិតខំបន្តចំណាត់ការដោយយកចិត្ត ទុកដាក់ ពិនិត្យភាពត្រឹមត្រូវនៃឯកសារ និងភស្តុតាងនានា ដើម្បីចេញសេចក្តីសម្រេចជូនប្រជាពលរដ្ឋ ឲ្យបាន ឆាប់រហ័សបំផុត៕