នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានអបអរសាទរដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ទាំង ៥៥ រូប ដែលនឹងចូលបំពេញការងារក្នុងវិជ្ជាជីវៈជាចៅក្រម ឬព្រះរាជអាជ្ញា ដែលវិជ្ជាជីវៈនេះគឺជាវិជ្ជាជីវៈដ៏ឧត្តុង្គឧត្តម និងប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ ប៉ុន្តែ ផ្សាភ្ជាប់ជាមួយនឹងការទទួលខុសត្រូវចំពោះជាតិ និងប្រជាជនផ្ទាល់។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សានូវទិសដៅការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលនឹងត្រូវដាក់ឱ្យអនុវត្តនាពេលខាងមុខដោយក្រសួងយុត្តិធម៌ ផ្អែកតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផ្អែកតាមការប្រគល់ភារកិច្ចរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះទី៥ ដែលបានដាក់ចេញដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌កម្ពុជា។
ទី៦-ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ និងក្នុងនាមជាមន្ត្រីយុត្តិធម៌, ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌ ដើម្បីលើកកម្ពស់កិត្តិយសរបស់អង្គភាពខ្លួន និងជាកិត្តិយសរបស់ខ្លួនផ្ទាល់ និងត្រូវធ្វើខ្លួនជាសេនាការពារ ដែលមិនអាចខ្វះបាន ដើម្បីធានាបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។
បើតាមក្រសួងយុត្តិធម៌ ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សាទាំង ៥៥ រូប នេះ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងឱ្យទៅបម្រើការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តទាំង ២៤ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៤៦ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ និងបានធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ៕