ត្បូងឃ្មុំ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់លោក ងិន ពេជ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ជំនួសលោក ឡុង ហុកម៉េង ដែលត្រូវបានផ្ទេរភារកិច្ចទៅជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ប្រធានសាលាដំបូង ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្រ្តីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតជាច្រើនរូប។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក ងិន ពេជ ដែលត្រូវបានចូលកាន់តំណែងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ លោក ឡុង ហុកម៉េង ដែលបានដឹកនាំស្ថាប័នអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ និងបានរួមចំណែកក្នុងកិច្ចការធានាថែរក្សានូវស្ថិរភាពសង្គម សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីម្ចាស់ការ និង ការទទួលខុសត្រូវខ្ពស់, មានសាមគ្គីភាពផ្ទៃក្នុងល្អ និង មានកិច្ចសហការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់នានា។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និង ការវាយតម្លៃខ្ពស់ផងដែរចំពោះ លោក ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាលតុលាការទាំងអស់ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា ដែលបានរួមគ្នាសម្រេចបានជោគជ័យក្នុងការបំពេញភារកិច្ចរបស់ខ្លួនបម្រើជូនដល់ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ ជាបន្តបន្ទាប់ នាពេលកន្លងមក ។
ឆ្លៀតក្នុងឱកាសនោះ លោក ឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់ឯកឧត្តមព្រះរាជអាជ្ញា ក្នុងនាមជាម្ចាស់បណ្តឹងអាជ្ញា ត្រូវយកចិត្តទុកដាក់តាមដានជាប្រចាំ អំពីនយោបាយព្រហ្មទណ្ឌដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលឱ្យបានច្បាស់លាស់ សំដៅចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងម៉ឺងម៉ាត់ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅក្នុងសង្គម។
ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ផ្សេងៗ អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ។ កិច្ចការនេះ នៅតែជាអាទិភាព ដែលជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី១៕