លោក កើត រិទ្ធ ប្រកាសតែងតាំង លោកស្រី ពេជ ម៉ារ៉ែន ជាប្រធានសាលាដំបូងខេត្តតាកែវ ជំនួស លោក អ៊ាក ផល្លា

តាកែវ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ បានប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់ លោកស្រី ពេជ ម៉ារ៉ែន ជាប្រធានសាលាដំបូងខេត្តតាកែវ ជំនួស លោក អ៊ាក ផល្លា ដែលត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានសាលាដំបូងខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ, អភិបាលនៃគណៈអភិបាលខេត្តតាកែវ, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, ប្រធានសាលាដំបូង ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា មន្រ្តីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតជាច្រើនរូប។

នាឱកាសនោះ លោក កើត រិទ្ធ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះ លោកស្រី  ពេជ ម៉ារ៉ែន ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តតាកែវ និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ លោក អ៊ាក ផល្លា ព្រមទាំងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ ដែលបានគាំទ្រ និងផ្តល់ការសហការបានល្អប្រសើរ ក្នុងការធានាថែរក្សានូវស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ កន្លងទៅនេះ។

ជាមួយគ្នានោះ លោឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការតែងតាំងនេះបន្ថែមថា លោកស្រី ពេជ ម៉ារ៉ែន ដែលត្រូវបានតែងតាំង និងចូលកាន់មុខតំណែង ជាប្រធានសាលាដំបូងខេត្តតាកែវនាពេលនេះ គឺជាប្រធានសាលាដំបូងដែលជាស្ត្រីតែម្នាក់គត់ ក្នុងចំណោមប្រធានសាលាដំបូងទាំង ២៥ រាជធានី-ខេត្ត ខណៈដែលព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងជាស្ត្រី ក៏មានម្នាក់ផងដែរ គឺលោកស្រី ចាតសូ រស្មី ដែលទើបចូលកាន់មុខតំណែងជាផ្លូវការជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុងនាពេលថ្មីៗ។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ការតែងតាំងនេះ គឺជាការលើកកម្ពស់ផ្នែកយេនឌ័រ ក៏ដូចជាការលើកទឹកចិត្តចៅក្រម-ព្រះរាជអាជ្ញាជាស្ត្រីទាំងអស់ឱ្យចូលរួម នៅក្នុងការងារអភិបាលកិច្ចនៃវិស័យយុត្តិធម៌ ដោយផ្អែកលើកត្តាសមត្ថភាព។

ឆ្លៀតក្នុងឱកាសជួបជុំគ្នាដ៏វិសេសវិសាលនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ផ្សេងៗ អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ។ កិច្ចការនេះ នៅតែជាអាទិភាព ដែលជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី១ផងដែរ៕