លោកកើត រិទ្ធ៖ ក្រសួងកំពុងរៀបចំផែនការសកម្មភាព សម្រាប់អនុវត្តវិធានការគន្លឹះទី៥ សំដៅពង្រឹង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌

កំពង់ស្ពឺ៖ លោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្រសួងយុត្តិធម៌បាននិងកំពុងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តវិធានការគន្លឹះទី៥ សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដើម្បីសម្រេចឱ្យបានចេញជាលទ្ធផល នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា។

ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣លោក កើត រិទ្ធ បានថ្លែងថា «ផ្អែកតាមការប្រគល់ភារកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល, ក្រសួងយុត្តិធម៌បាននិងកំពុងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តវិធានការគន្លឹះទី៥ សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដើម្បីសម្រេចឱ្យបានចេញជាលទ្ធផលនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា នូវកិច្ចការងារអាទិភាពមួយចំនួន»។

កិច្ចការងារអាទិភាពមួយចំនួននោះរួមមាន៖ (ទី១)-ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, (ទី២)-ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស និង (ទី៣)-ការត្រួតពិនិត្យ និងការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។

ឆ្លើយតបនឹងការផ្តល់ទំនុកចិត្តដ៏ខ្ពង់ខ្ពស់ របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកកើត រិទ្ ធបញ្ជាក់ថា ក្រសួងយុត្តិធម៌ បានរៀបចំផែនការសកម្មភាពសម្រាប់យុទ្ធនាការសំខាន់ៗចំនួន ៣ ដែលត្រូវបានចាត់ទុកជាបទបញ្ជា និងទិសដៅការងារដ៏មុតស្រួចដែលត្រូវអនុវត្ត គឺ៖ (ទី១)-យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ, (ទី២)-យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង (ទី៣)-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ដែលជារួម យុទ្ធនាការដ៏មានសារៈសំខាន់ទាំង៣នេះ មានសសរស្តម្ភ ចំនួន ២ គឺ សសរស្តម្ភទី១-ការកែទម្រង់លើការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការ និងទី២-ការកែទម្រង់លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលសសរស្តមទាំងពីរនេះ មាននៅក្នុងច្បាប់ហើយស្របច្បាប់ផងដែរ។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា គោលបំណង និងភាពចាំបាច់នានាក្នុងការដាក់ចេញនូវយុទ្ធនាការទាំង៣ខាងលើ ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖

ទី១-យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ គឺជាយុទ្ធនាការដែលមានទិសដៅធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋឱ្យបានលឿន និងឆាប់រហ័ស ដែលគ្របដណ្តប់ទាំងលើរឿងក្តីរដ្ឋប្បវេណី ទាំងលើរឿងក្តីព្រហ្មទណ្ឌ និង សម្រាប់តុលាការគ្រប់ជាន់ថ្នាក់ ដោយរួមទាំងអង្គការអយ្យការផងដែរ ។ទី២-យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយុទ្ធនាការដែលមានលក្ខណៈស្របទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងសង្គម និងស្របតាមប្រពៃណីរបស់អ្នកស្រុកនៅកម្ពុជា និងមានមូលដ្ឋានគ្រឹះមួយដ៏ធំ គឺនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានពន្លត់ភ្លើងសង្គ្រាមដ៏រ៉ាំរៃ និងការបែកបាក់ជាតិ ដែលកម្ពុជាទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ ឯកភាពជាតិ និងការបង្រួបបង្រួមអធិបតេយ្យភាព និងបូរណភាពទឹកដី។

យុទ្ធនាការនេះមានគោលបំណងសំខាន់ៗ ចំនួន ៤ គឺ៖ (ទី១)-ជួយកាត់បន្ថយចំនួនសំណុំរឿង និងការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះ, (ទី២)-បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន, (ទី៣)-ធានាបាននូវភាពសុខដុមរមនាក្នុងសហគមន៍ និងសង្គមជាតិ តាមរយៈការព្យាយាមសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ និង (ទី៤)-ដំណោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាមានភាពងាយស្រួលក្នុងការអនុវត្តដោយអាជ្ញាធរមានសមត្ថកិច្ច៕