ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីក្នុង “ពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេស ជំនាន់ទី១” សរុបចំនួន ៣៤ រូប ដែលក្នុងនោះ ៣០រូប ទើបតែបានប្រឡងជាប់ជាស្ថាពរ និង ៤រូបទៀត គឺជាមន្ត្រីជាប់កិច្ចសន្យាដែលកំពុងបម្រើការងារនៅក្រសួងយុត្តិធម៌។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃក្រសួងយុត្តិធម៌ និងនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។
កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹង របស់មន្រ្តីកិច្ចសន្យាផ្នែកបច្ចេកទេសដើម្បីត្រៀមលក្ខណៈទៅបំពេញការងាររបស់ខ្លួននៅក្រសួងយុត្តិធម៌ ដោយផ្ដោតការបណ្ដុះបណ្ដាលលើ៖ (១)-រចនាសម្ព័ន្ធនៃអង្គភាពចំណុះរបស់ក្រសួងយុត្តិធម៌, (២)-ការងាររដ្ឋបាលទូទៅ និងកិច្ចការបច្ចេកទេសនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី, អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ, និងអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌, (៣)-ការរៀបចំលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត និង (៤)-រចនាសម្ព័ន្ធនិងមុខងាររបស់តុលាការ។
កម្មវិធីបណ្តុះបណ្តាលសម្រាប់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេស ជំនាន់ទី១ នេះ មានរយៈពេល ៤ សប្ដាហ៍ និងជាកម្មវិធីបណ្តុះបណ្តាលលើកដំបូងរបស់សាលាច្បាប់នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សម្រាប់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេសរបស់ក្រសួងយុត្តិធម៌ ដែលបានប្រឡងជាប់ជាស្ថាពរកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ៕