បទវិភាគផ្នែកច្បាប់! ករណីលួចកាច់ទំពាំង ទាំងជនល្មើស និងម្ចាស់ចម្ការ មានទោសយ៉ាងដូចម្តេច?

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ មានករណីម្ចាស់ចម្ការឈ្មោះ លក្ខិណា បានផុសរូប និងវីដេអូបុរសម្នាក់បានលួចកាច់ទំពាំងនៅក្នុងចម្ការរបស់គាត់។ ករណីនេះ ធ្វើឱ្យមហាជន ខឹងសម្បាររូបគាត់យ៉ាងខ្លាំង ចំពោះប្រតិកម្មដែលរូបគាត់បានធ្វើលើចោរ។ បើទោះបីជាគាត់ពុំបានជេរស្តីប្រមាថបុរសនោះក៏ដោយ។

លោក គី ពិសិដ្ឋ អ្នកជំនាញផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន “ខ្មែរឈានមុខ” ឬ “Khmer CM” នឹងធ្វើអត្ថាធិប្បាយផ្នែកច្បាប់ ថា តើករណី លួចកាច់ទំពាំងដែលកំពុងល្បីលើបណ្តាញសង្គមនេះ មានអ្នកណាខ្លះក្លាយជាជនល្មើស ដោយមិនដឹងខ្លួន?

តាមពិតមហាជនភាគច្រើនបានខឹងម្ចាស់ចម្ការ ដោយគ្រាន់តែផុសរូបគាត់ ដើម្បីកុំឱ្យគាត់លួចទៀត បើអត់ត្រូវចេះសុំ។ ទោះបីយ៉ាងណាក៏ដោយ មហាជនភាគច្រើនមានចិត្តអាណិតចោរ ហើយប្រើពាក្យមិនសមរម្យលើស្រ្តីម្ចាស់ចម្ការ ដោយពុំបានដឹង ឬយល់ពីចេតនាម្ចាស់ចម្ការ។ ម្ចាស់ចម្ការខឹងណាស់ ព្រោះពុំមែនជាលើកទីមួយទេ គាត់ជាស្រ្តីខិតខំធ្វើការផង ថែចម្ការផង មានទាំងអ្នកយាមចម្ការ២នាក់ទៀត មានរបងមាំទាំ មានទាំងឆ្កែចាំចម្ការផង តែចោរសាមានបានកាត់របងលួស ចូលលួចផលដំណាំផង លួចទាំងឆ្កែជាទីស្រលាញ់របស់គាត់ធ្វើម្ហូបផង តើមិនឱ្យគាត់ខឹងយ៉ាងម៉េច?

បុរសជាអ្នកលួចនោះ បើត្រឹមតែទំពាំងទេ ហេតុអ្វីមិនសុំគេ? តើអ្នកស្រុកជនបទពិតជាកំណាញ់មែនទេ? តើគាត់មានដល់ទៅម៉ូតូឌ្រីមសង់សេរីខ្ពស់ជិះ ជាកម្មករសំណង់បានប្រាក់ឈ្នួលលើសពី១លានរៀលក្នុង១ខែ ពិតជាក្រីក្រមែន?
បទល្មើសលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លាន ដល់ ៦លាន។ ការលួចនោះនឹងបន្ថែមស្ថានទម្ងន់ទោស បើជនសង្ស័យ(ចោរ)ចូលមកលួចដល់ក្នុងទីកន្លែង ដោយក្រុមមានការចាត់តាំង ការគិតទុកជាមុន ការកាប់គាស់ទម្លុះទម្លាយ(របងផ្ទះ) ការផ្លោះរបងចូល(របងផ្ទះ) ការមានអាវុធ ឬចាត់ទុកដូចអាវុធ(នៅនឹងដៃ) ការពួនស្ទាក់ ចាប់ពីមាត្រា ៧៩ ដល់ មាត្រា ៨២ នៃក្រមព្រហ្មទណ្ឌ និងបន្ថែមទោសពីពីបទលួច ពី៦ខែ ដល់ ៣ឆ្នាំ ទៅពីទោស ៣ឆ្នាំ ដល់១០ឆ្នាំវិញ បើការលួចមានការគាស់ទម្លុះទម្លាយ(មាត្រា ៣៥៧)។

បើម្ចាស់ផ្ទះមានពិការភាព ជនល្មើសមានទោសពី១០ ទៅ១៥ឆ្នាំ(មាត្រា៣៥៨)។ បើការលួចមានអំពើទារុណកម្មលើម្ចាស់ផ្ទះ ត្រូវមានទោសពី ១៥ ដល់ ៣០ឆ្នាំ (មាត្រា ៣៥៩) បើម្ចាស់ផ្ទះមរណភាពដោយសារជនល្មើសលួច ជននោះមានទោសពី១៥ ដល់ ៣០ឆ្នាំ (មាត្រា ៣៦០) និងអាចមានទោសបន្ថែមជាច្រើនទៀត ដូចមានចែងក្នុងមាត្រា ៣៦២។ ហើយបើជនល្មើសមិនរាងចាលក្នុងការលួច អាចមានទោសបន្ថែមទៀត។

ករណីបុរសចូលលួចទំពាំងដោយកាត់របងលួស និងទម្លុះទំលាយស័ង្កសី ជាបទល្មើសលួចដោយប្រើហឹង្សា ដែលមានស្ថាទម្ងន់ទោស ពី៣ទៅ១០ឆ្នាំ ពិន័យជាប្រាក់ពី១លាន ទៅ៦លាន ដោយមិនទាន់គិតពីប្រាក់សំណងការខូចខាត និង សំណងជំងឺចិត្តរបស់ម្ចាស់ចម្ការទេ។ នេះនៅមិនទាន់គិតថា បើគាត់ធ្លាប់លួចពីមុនមកជាបទល្មើសមិនរាងចាល ដែលអាចមានស្ថានទម្ងន់ទោសបន្ថែមពីលើនេះទៀត។

ចុះករណីស្រ្តីម្ចាស់ចម្ការ ដែលផុសរូបចោរលួចនេះជាសាធារណៈ មានទោសអ្វីដែរ? ចំពោះសកម្មភាពរបស់គាត់គឺជាថតរូប និងផ្សាយរូបភាពឯកជនដោយគ្មានការអនុញ្ញាតិ គឺប៉ះពាល់សិទ្ធិខាងរូបភាព ដែលទទួលបានការការពារដោយក្រមរដ្ឋប្បវេណីផង និងក្រមព្រហ្មទណ្ឌផង។ យោងមាត្រា ១០ នៃក្រមរដ្ឋប្បវេណីខ្មែរឆ្នាំ២០០៧ ចែងថា៖ “សិទ្ធិរបស់បុគ្គល សំដៅទៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធនឹងជីវិតរូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬ សិទ្ធិផ្សេងទៀត ដែលជាផលប្រយោជន៍ ទាក់ទងនឹងលក្ខណៈបុគ្គល”។នៅក្នុងក្រមព្រហ្មទណ្ឌត្រង់មាត្រា ៣០២ មានចែងថា“អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ ពី១សែន ទៅ ២លានរៀល លើកលែងតែក្នុងករណីដែលច្បាប់អនុញ្ញាត”។

តែក្នុងករណីនេះ ម្ចាស់រូបបានដឹងហើយតែមិនឃាត់ តើចាត់ទុកថាជាការយល់ព្រមទេ? បើទោះបីជាគាត់បានដឹងថាគេថត តែមិនតវ៉ា ពុំមែនថាគាត់យល់ព្រមទេ គឺដោយសារតែសម្ពាធអំពើល្មើសរបស់ខ្លួន និងពុំបានដឹងពីសិទ្ធិរបស់ខ្លួន។
តើការថតរូបជនល្មើសនៅផ្ទះជនល្មើសជាទីកន្លែងឯកជនរបស់គាត់ តើពិតជាបទល្មើសរំលោភលើជិវិតឯកជនមែនទេ? បើដូច្នេះតើលើកក្រោយធ្វើម៉េចទើបអាចប្រមូលភស្តុតាងមកចាប់ចោរបាន?

ការថតគឺគ្មានទោសទេ បើយកភស្តុតាងនោះជូនទៅអាជ្ញាធរមានសមត្ថកិច្ចដូចជា នគរបាលយុត្តិធម៌ ឬតុលាការ។ តែការផុសជាសារធារណៈ គឺមានទោស ហើយជាទោសដែលមិនអាចលើកលែងបានទៀតផង។ ព្រោះអ្វី? គឺពុំមែនជាការការពារចោរទេ គឺការពារតតិយជន ដូចជា ប្រពន្ធ កូន និងគ្រួសារសាច់ញាតិរបស់ជនល្មើស។ បើរូបឪពុកខ្លួនត្រូវផ្សព្វផ្សាយជាសាធារណៈ កូននៅសាលារៀនត្រូវខ្មាសគេ ក្មេងៗចំអន់និងមើលងាយ រើសអើង នោះកូនរបស់ជនល្មើស អាចបោះបង់ការសិក្សា ខូចអនាគត។ ប្រពន្ធ និងឪពុកម្តាយសាច់ញាតិខ្មាសគេ ឬអាចបាត់បង់ការងារ និងការរើសអើងក្នុងសង្គម។ ទង្វើផុសរូបជនសង្ស័យ ឬជនល្មើសនេះ សូម្បីអាជ្ញាធរ នគរបាលយុត្តិធម៌ ឬមន្ត្រីតុលាការក៏ដោយ ក៏ត្រូវមានទោសដូចពលរដ្ឋធម្មតាដែរ ឬអាចមានស្ថានទម្ងន់ទោសផង លើកលែងតែច្បាប់អនុញ្ញាត (ដីការសម្រេចរបស់តុលការ)។

ការផុសរូបចោរ ទាំងម្ចាស់របស់ ទាំងនគរបាល សុទ្ធតែមានទោសព្រហ្មទណ្ឌដូចគ្នា ហើយត្រូវតែចាត់វិធានការឱ្យបានម៉ឺងមាត់បំផុត ពុំនោះទេ សាច់ញាតិរបស់ចោរ ជាជនសុចរិត រងនូវផលប៉ះពាល់ខ្លាំងណាស់។ ចង់ដាក់ទោសចោរ ដាក់ទោសតាមច្បាប់ តាមសាលក្រមតុលាការចុះ សូមកុំផុសរូបគាត់ បើគ្មានការសម្រេចពីតុលារការឱ្យផុសរូបទេ!

បន្ថែមពីលើនេះ មានមហាជនជាច្រើនបានប្រើពាក្យមិនសមរម្យលើស្ត្រីដែលផុសរូបចោរ។ នោះគឺជាបទល្មើសជេរប្រមាថជារសាធារណៈ ដែលមានទោសពិន័យជាប្រាក់។ ហើយបើមហាជនរូបណាបានផ្តល់ប្រាក់ដល់ជនល្មើស គឺជាបទល្មើសញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ។ បើទោះបីជាមិនទាន់បានជូនទេ គ្រាន់តែប្រកាសផ្តល់លុយដល់ចោរនោះជាសាធារណៈ គឺជាបទល្មើសប៉ុនប៉ង ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ។

ហើយបើជនណាប្រកាសផ្តល់ប្រាក់ ឬផ្តល់ការងារ ដល់ជនល្មើសលួចខាងលើនេះ គឺជាជនសមគំនិត ប៉ុនប៉ង និងលើកទឹកចិត្តដល់ពលរដ្ឋខ្មែរឱ្យប្រព្រឹត្តបទល្មើស ដែលជាចលាចលក្នុងសង្គម ដែលពុំអាចលើកលែងបានឡើយ។ ហើយបើមានអ្នកធ្វើបែបនោះមែន ក្រោយពីទទួលទោសហើយ ម្ចាស់ការងារ និងម្ចាស់អាជីវកម្មទាំងឡាយ ក្រោយពីអនុវត្តទោសហើយ ត្រូវទៅដាក់ពាក្យសុំយក ឬទទួលយកទណ្ឌិតដែលកំពុងជាប់ឃុំឃាំងនៅទូទាំងប្រទេសជាង១០ម៉ឺននាក់ មកធ្វើការផង នៅមិនទាន់គិតពីអ្នកទោស និងជនសង្ស័យថ្មីៗ ចូលមន្ទីរឃុំឃាំង ឬពន្ធនាគារមានចំនួនជិត១ម៉ឺននាក់ជារៀងរាល់ឆ្នាំ។

ការផ្សព្វផ្សាយជួយជនល្មើសជាសាធារណៈ ជាការកេងចំណេញការផ្សព្វផ្សាយ ទំនិញ ផលិតផល និងការបំផុសគំនិតឱ្យប្រព្រឹត្តបទល្មើស ជាថ្នាំពិសពុលយ៉ាងអាក្រក់បំផុត ដែលបំពុលសណ្តាប់ធ្នាប់សង្គមយើង។ ហើយវិធានការរបស់អាជ្ញាធរលើ អ្នកលួច ម្ចាស់ចម្ការ មហាជនដែលជួយតាមបណ្តាញសង្គម អ្នកជេរប្រមាថជាសាធារណៈ ជាឱសថទិព្វដែលជួយទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសរក្សាបាននូវសណ្តាប់ធ្នាប់សង្គមយ៉ាងមានប្រសិទ្ធិភាពបំផុត។

សរុបមក ទាំងជនល្មើសលួចទំពាំង និងម្ចាស់ចម្ការ មហាជនសម្បុរសលើបណ្តាញសង្គមទាំងឡាយ និងអ្នកជេរប្រមាថជាសាធារណៈសុទ្ធតែមានទោសរៀងៗខ្លួន ទៅតាមបទល្មើសដែលខ្លួនបានប្រព្រឹត្ត។ យើងរង់ចាំមើលថា តើអាជ្ញាធរមានសម្ថកិច្ចគ្រប់លំដាប់ថ្នាក់ នឹងមានវិធានការបែបណា ដើម្បីធានារក្សាបាននូវវិធានការភូមិឃុំមានសុវត្ថិភាព និងបញ្ចៀសនូវបទល្មើសនាពេលអនាគត៕