អ្នកជំនាញផ្នែកច្បាប់៖ ការកាក់ប្រាក់ ឬបង្កកប្រាក់ ដកប្រាក់អ្នកដែលវេរលុយចូលមកគណនី អ្នកណាមួយ ដោយការភ័នច្រលំជាអំពើខុសច្បាប់

ភ្នំពេញ៖ ថ្មីៗនេះ មានករណីផ្ទុះព័ត៌មានអំពីគណនីហ្វេសប៊ុកម្នាក់ ដែលមានគេវេរលុយតាម ABA ច្រលំ ចំនួន៨ម៉ឺន៥ពាន់ដុល្លារ។ ហើយម្ចាស់ប្រាក់បានវេរបន្ថែម ដើម្បីសរសេរប្រាប់ម្ចាស់គណនីដែលទទួលប្រាក់ វេរលុយទៅវិញ។ រហូតដល់ពេលនេះ ម្ចាស់ប្រាក់នៅមិនទាន់បានទទួលប្រាក់វិញនៅឡើយទេ។ ធ្វើឱ្យមានការផុស ចែករម្លែក និងបញ្ចេញមតិយ៉ាងច្រើនលើសលុប។

លោក គី ពិសិដ្ឋ អ្នកជំនាញផ្នែកច្បាប់នៃសារព័ត៍មានខ្មែរឈានមុខ

តើការកាក់ប្រាក់ ឬបង្កកប្រាក់ ដកប្រាក់អ្នកដែលវេរលុយចូលមកគណនី អ្នកណាមួយ ដោយការភ័នច្រលំ ជាអំពើខុសច្បាប់ដែរឬទេ? លោក គី ពិសិដ្ឋ អ្នកជំនាញផ្នែកច្បាប់នៃសារព័ត៍មានខ្មែរឈានមុខ សូមលើកយកការពន្យល់របស់អ្នកជំនាញផ្នែកច្បាប់ពីករណីខាងលើនេះដូចតទៅ៖

យើងមកមើលអំពី សិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់ប្រាក់៖

ម្ចាស់ប្រាក់ មានសិទ្ធិស្នើសុំទៅអ្នកដែលខ្លួនវេរទៅច្រលំ ឱ្យវេរត្រលប់មកវិញភ្លាមៗតាមគ្រប់មធ្យោបាយ។ បើម្ចាស់គណនីដែលទទួលបានប្រាក់ច្រលំនោះ មិនសហការ ម្ចាស់ប្រាក់ត្រូវប្តឹងទៅធនាគារឱ្យបង្កកចំនួនទឹងប្រាក់ដែលបានវេរច្រលំនោះ។

សិទ្ធិនិងកាតព្វកិច្ចរបស់ម្ចាស់គណនីដែលទទួលប្រាក់ដោយការភ័នច្រលំ៖
មាត្រា ៧៣៦នៃក្រមរដ្ឋប្បវេណី- ចែងថា បុគ្គលដែលបានទទួលផលប្រយោជន៍ដោយសារទ្រព្យសម្បត្តិ ឬពលកម្មរបស់អ្នកដទៃ ហើយធ្វើឱ្យកើតមានការបាត់បង់ផលប្រយោជន៍ដល់អ្នកដទៃ ដោយសារការទទួលនោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ត្រឹមកម្រិតដែលផលប្រយោជន៍នោះមាន។”
មាត្រា ៧៣៧ នៃក្រមរដ្ឋប្បវេណី- ករណីយកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ដោយគំនិតទុច្ចរិត
១- បុគ្គលដែលបានទទួលផលប្រយោជន៍ ខាងលើនេះ ក្នុងករណីដែលបានដឹងថាគ្មានមូលហេតុលើផ្លូវច្បាប់ បុគ្គលដែលបានទទួលផលប្រយោជន៍ មានករណីយកិច្ចត្រូវសងផលប្រយោជន៍ដែល មាននៅពេលដែលបានដឹង និងការប្រាក់ គិតចាប់ពីពេលដែលបានដឹងរហូតដល់ពេលសង។
២- បើបុគ្គលដែលបានទទួលផលប្រយោជន៍មានចេតនា ឬកំហុសចំពោះអានុភាពនៃកិច្ចសន្យាដែលត្រូវបានបាត់បង់ បុគ្គលដែលបានទទួលផលប្រយោជន៍នោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ដោយភ្ជាប់ជាមួយនឹងការប្រាក់ដូចគ្នានឹងបញ្ញត្តិនៃកថាខណ្ឌទី១ខាងលើនេះដែរ។
៣- បើបុគ្គលដែលត្រូវបានបាត់បង់ផលប្រយោជន៍ ទទួលការខូចខាត ដូចបានកំណត់នៅក្នុងកថាខណ្ឌទី១ និងទី២ខាងលើនេះ បុគ្គលដែលបានទទួលផលប្រយោជន៍ ត្រូវទទួលខុសត្រូវលើសំណងនៃការខូចខាតនោះ។

អ្នកទទួលផលប្រយោជន៍ ត្រូវសហការវេរប្រាក់ទាំងអស់នោះទៅវិញ ដោយគ្មានលក្ខខណ្ឌ និងគ្មានសិទ្ធិទាមទារសោហ៊ុយ ឬសំណងការខូចខាតអ្វីឡើយ លើកលែងតែការបំពេញកាតព្វកិច្ចនោះ មានការចំណាយលើប្រតិបត្តិការត្រលប់ទៅវិញនោះ ហើយអាចទាមទារបានបើខ្លួនបានចេញសោហ៊ុយចំណាយនោះ។
សម្រាប់ពេលវេលាវេរប្រាក់ត្រលប់ទៅវិញ។ ដោយសារតែការវេរប្រាក់តាមApp បច្ចុប្បន្ន វេរបានលឿនរហ័សភ្លាមៗ តាមដែលអាចធ្វើទៅបាន បើខ្លួនបានដឹងហើយ មានពេលវេលាសមរម្យអាចវេរឱ្យម្ចាស់ប្រាក់វិញភ្លាមៗ រិតតែល្អ ដើម្បីបង្ហាញពីចេតនាសុចរិត និងគុណធម៌ជីវិត។ តែបើខ្លួនមានមូលហេតុសមរម្យ អាចពន្យាពេលវេរប្រាក់នោះត្រលប់ទៅវិញបាន ដូចជា ករណីទូរស័ព្ទអស់ប្រាក់ គ្មានសេវាអ៊ីនធឺណែត ឬកំពុងសម្រាកព្យាបាល ឬមូលហេតុផ្សេងទៀតដែលមិនអាចវេរទៅបានភ្លាមៗ ដោយត្រូវជូនដំណឹងទៅម្ចាស់ប្រាក់វិញផង បើអាចធ្វើបាន។

មូលហេតុ នេះជាសេចក្តីចម្រើនឥតហេតុ។ ដូច្នេះបើមានការស្នើសុំទាមទារពីម្ចាស់សិទ្ធិ អ្នកទទួលសេចក្តីចម្រើនឥតហេតុត្រូវប្រគល់វត្ថុ ឬបំពេញកាតព្វកិច្ចត្រលប់ទៅម្ចាស់សិទ្ធិវិញ ដោយមានសិទ្ធិដកសោហ៊ុយចំណាយបាន។ ព្រោះអ្នកទទួលសេចក្តីចម្រើនឥតហេតុពុំមានកាតព្វកិច្ចចេញចំណាយសោហ៊ុយនោះសម្រាប់ម្ចាស់សិទ្ធិដែលធ្វេសប្រហែសឡើយ។
តែករណីដែលវេរប្រាក់ត្រលប់ទៅម្ចាស់ដើមវិញនេះ ពុំមានការចំណាយអ្វីឡើយ។ ដូច្នេះអ្នកទទួលបានប្រាក់នោះ ដោយការភ័នច្រលំពុំអាចទាមទារដកថ្លៃកម្រៃសេវា ឬកាត់គ្រោះអ្វីឡើយ។

ចុះបើពុំមានការឆ្លើយតបភ្លាមៗ តើម្ចាស់ប្រាក់ត្រូវធ្វើដូចម្តេច?
ម្ចាស់ប្រាក់ ត្រូវស្នើសុំទៅធនាគារដើម្បីបង្កក និងធ្វើប្រតិបត្តិការយកប្រាក់នោះត្រលប់មកវិញ ដោយចេញសោហ៊ុយចំណាយជាក់ស្តែង។ បើម្ចាស់ប្រាក់បានដឹងហើយ តែមិនព្រមវេរត្រលប់ទៅម្ចាស់ប្រាក់វិញ ត្រូវរាយការណ៍ ឬប្តឹងទៅធនាគារឱ្យធ្វើប្រតិបត្តិការត្រលប់មកវិញ។
ចុះបើប្រាក់នោះ អ្នកទទួលដោយការភ័នច្រលំ បានដកចេញ ឬវេរចេញអស់ ដែលធនាគារ មិនអាចបង្កក ឬដកវិញបាន តើម្ចាស់ប្រាក់ត្រូវធ្វើដូចម្តេច?
ម្ចាស់ប្រាក់ និងអ្នកតំណាងធនាគារនោះ ត្រូវប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ ឱ្យអ្នកទទួលដោយច្រលំនោះសងមកវិញ។ យើងអាចលើកយកមូលហេតុនៃការទាមទារប្រាក់មកវិញ តាមរយៈរបស់ដែលបាត់ ឬសេចក្តីចម្រើនឥតហេតុ តាមមាត្រា ៧៣៦ និង ករណីកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ ដោយគំនិតទុច្ចរិត តាមមាត្រា ៧៣៧ នៃក្រមរដ្ឋប្បវេណីខ្មែរឆ្នាំ២០០៧។ ក្នុងករណីនេះ អ្នកទទួលប្រាក់ដោយការភ័នច្រលំ អាចនឹងត្រូវសងសំណងនៃការខូចខាត និងសំណងជំងឺចិត្តទៀតផង។ ករណីចាំបាច់ តុលាការ អាចចេញដីការក្សាកាពារលើទ្រព្យសម្បត្តិជននោះសមាមាត្រទៅនឹងទំហំទឹកប្រាក់ ដែលជននោះបានដក ឬបាត់បង់។

ដូចបានរៀបរាប់ខាងលើ បើអ្នកទទួលបានប្រាក់ដោយការភ័នច្រលំនោះ វេរត្រលប់ទៅវិញ ដោយចំណាយសោហ៊ុយ អ្នកនោះអាចទាមទារសោហ៊ុយចំណាយនោះពីម្ចាស់ប្រាក់បាន ត្រឹមកម្រិតនៃការចំណាយបន្ថែម។ប៉ុន្តែ ប្រសិនបើម្ចាស់ប្រាក់ និងម្ចាស់គណនីដែលទទួលប្រាក់នោះ ជាមនុស្សតែម្នាក់ ឬជាគ្នីគ្នា បក្សពួកតែមួយ សម្តែង បំភ័ន ធ្វើឱ្យមានការចាប់អារម្មណ៍ ធ្វើឱ្យមានការវឹកវរដល់សង្គម ត្រូវទទួលទោសតាមច្បាប់។
មាត្រា ៥២៤.នៃក្រមព្រហ្មទណ្ឌ- បទប្ដឹងបរិហារដោយភូតកុហកដល់អាជ្ញាធរតុលាការ
អំពើដែលប្ដឹងបរិហារដោយភូតកុហកដល់អាជ្ញាធរតុលាការ ឬអាជ្ញាធររដ្ឋបាល នូវអំពើជាបទល្មើស កាលបើការប្ដឹងបរិហារនេះនាំឱ្យធ្វើការស្រាវជ្រាវដោយឥតប្រយោជន៍ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និង ពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ។

សព្វថ្ងៃ មានជនមួយចំនួនកំពុងតែបំភ័ន នូវសីលធម៌ និងគុណធម៌ក្លែងក្លាយ ដើម្បីទាញការចាប់អារម្មណ៍ ទៅធ្វើជំនួញ ឬឆបោក ពីប្រជាពលរដ្ឋដែលការយល់ដឹង និងបទពិសោធ នៅមានកម្រិត។ ដូចច្នេះ ការបង្ការ និងបង្ក្រាបដល់ជនក្លែងបន្លំសីលធម៌ និងគុណធម៌ ត្រូវតែចាត់ការតាមច្បាប់ជាធរមាន៕