ភ្នំពេញ៖ រាជធានី ខេត្តចំនួន១១បានប្តេជ្ញាចិត្តចូលរួមចំណែក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ! ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» តាមរយៈការចុះអនុស្សរណយោគយល់ (MoU) រវាងក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានី ខេត្តទាំង១១ដែលរួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កំពង់ធំ ព្រះវិហារ សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ។
ពិធីចុះអនុស្សរណយោគយល់ (MoU)នេះ ធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី ២១ ធ្នូ ឆ្នាំ២០២៣ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត។
ជាមួយគ្នានេះ តំណាងរាជធានី ខេត្តចំនួន១១ បានចុះហត្ថលេខាលើអនុស្សរណយោគយល់ (MoU) និងបានប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីនាំមកនូវភាពស្អាត និងកិត្តយសជូនរាជធានី ខេត្ត និងជាពិសេសលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ និងឈានសំដៅដល់កាត់បន្ថយលំហូរប្លាស្ទិកចូលទៅក្នុងទឹក ដែលទឹកជាប្រភពសំខាន់ និងជាជម្រកត្រី ហើយត្រីទៀតសោតក៏ជាប្រភពប្រូតេអីនសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ។ ចំពោះការគិតគូរដល់សុខមាលភាពប្រជាពលរដ្ឋនេះ គឺស្របតាមអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជាដែលរួមមាន មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ។
គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ មានអ្នកចូលរួមសរុបចំនួន ៣,៤៤៦,៨៦០នាក់ ក្នុងនោះរួមមានលោកគ្រូ អ្នកគ្រូសរុបចំនួន ១២២,០៨៥នាក់ សិស្សានុសិស្សសរុបចំនួន ៣,០៨២,២៨៧នាក់ កម្មករកម្មការនី សរុបចំនួន ១៨០,៨៣៣នាក់ និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៤១៤,១៩៨នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ១០,៦៥៣លើក ក្នុងសាលារៀនសរុបចំនួន ៧,៤៧៣សាលា រោងចក្រចំនួន២៤៤ វត្តអារាម៣៤ និងសហគមន៍ទីប្រជុំជនចំនួន៧៤កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។
ទន្ទឹមនោះដែរ រដ្ឋបាលខេត្តចំនួន១៣ រួមជាមួយស្ថាប័នជាតិធំៗចំនួនរួមមាន៖ ស្ថាប័នកាកបាទក្រហមកម្ពុជា, សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចុះអនុស្សារណៈយោគយល់ និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាមួយក្រសួងបរិស្ថាន។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីបើកវេទិកាលើកទី១៦ ស្តីពី «ការការពារ និងអភិរក្សធន ធានធម្មជាតិ» ដែលរៀបចំឡើងនៅក្រសួងបរិស្ថាននៅថ្ងៃទី១៥ ធ្នូ នេះ បានវាយតម្លៃខ្ពស់ចំពោះការចូលរួម ពីគ្រប់ភាគីទាំងរដ្ឋនិងឯកជន ដៃគូសហការទាំងអស់ ដែលបានអនុវត្តក្នុងការគ្រប់គ្រងសំណល់ ជាពិសេសថង់ប្លាស្ទិក ក្នុងប្រទេសកម្ពុជា ជំនួសឲ្យការបោះចោលសំរាម ហើយមានគំនិតផ្តួចផ្តើម ធ្វើឲ្យប្លាស្ទិកក្លាយទៅជា «ផលិតផលថ្មី ឬ សម្ភារប្រើប្រាស់មេត្រីបរិស្ថាន» ដែលត្រូវបានប្រើប្រាស់ ឬកែច្នៃប្រើប្រាស់ឡើងវិញ ហើយវានឹងជួយធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើង និងជួយឲ្យប្រជាពលរដ្ឋមានសុខភាពល្អ មានសុភមង្គល និងជួយប្រទេសកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្រស់បំព្រង។
ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញបន្ថែមដល់ ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ ចូលរួមថែរក្សាបរិស្ថានឲ្យបានស្អាត និងរក្សាបាននូវអនាម័យល្អ ជាប្រយោជន៍ដល់ការការពារសុខភាពប្រជាពលរដ្ឋ និងសុខុមាលភាពសាធារណៈ ក៏ដូចជាចូលរួមលើចលនានៃការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ឲ្យទទួលបាននូវភាពជោគជ័យ។
យុទ្ធនាការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» រៀបចំឡើង ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា និងស្របតាម«យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារ ក្នុងមុំចំនួនបី គឺ ភាពស្អាត ភាពបៃតង និងចីរភាព។
ជាមួយគ្នានោះដែរ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការគាំទ្រពីព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង ៣លានអង្គ/នាក់ ហើយនិន្នាការគាំទ្រភាពស្អាតនេះ បានកើនឡើងជាលំដាប់ ជារៀងរាល់ថ្ងៃចេញពីបេះដូងប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកស្រឡាញ់ភាពស្អាត ហើយភាពស្អាតនេះគឺសំដៅដល់បុគ្គល សង្គម និងប្រទេសកម្ពុជា ៕