ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃ កម្ពុជា បានស្នើដល់អ្នកពាក់ព័ន្ឋបន្តសកម្មភាពផ្សព្វផ្សាយពីហានិភ័យ និងវិធីសាស្រ្តបង្ការជំងឺមិនឆ្លង ឱ្យកាន់តែកាន់ផលផុសដើម្បីធ្វើឱ្យពលរដ្ឋមានការយល់ដឹងកាន់តែច្រើន ជាពិសេសក្នុងចំណោមស្រ្តី រួមនឹងការបង្កលក្ខណៈងាយស្រួលសម្រាប់ ការពិនិត្យសុខភាព ហើយមានតម្លៃសមរម្យ។
សម្តេច ឃួន សុដារី បានស្នើ ដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពង់បើកសក្ខាពិគ្រោះយោបល់ ស្តីពី «វិធីសាស្រ្ដបង្ការជំងឺមិនឆ្លង និងការកាត់បន្ថយគម្លាតយេនឌ័រដែលបណ្ដាលមកពីជំងឺមិនឆ្លង» ដែលប្រារព្ធធ្វើនាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះនៅសណ្ឋាគារកាំបូឌីយ៉ាណាក្នុងរាជធានីភ្នំពេញ។
នាឱកាសនោះ សម្តេច ឃួន សុដារី បានគូសបញ្ជាក់ថា លើសពីនេះ ការអប់រំ សុខភាពមិនគួរផ្តោតត្រឹមតែ ការផ្តល់ព័ត៌មានដល់សហគមន៍ នូវអ្វី ដែលពួកគេអាចធ្វើបាន ឬធ្វើមិនបាននោះឡើយ។
សម្តេច ថ្លែងថា៖«យើងត្រូវមានវិធានបែបសន្តនិយម ដែលមានការគិតគូរដល់ការផ្លាស់ប្តូរឥរិយាបទ របៀបរបបរស់នៅ របៀបរបបហូបចុក និងបរិស្ថានរស់នៅ ដោយប្រើប្រាស់ទិន្នន័យនិងបច្ចេកវិទ្យា រួមទាំងធ្វើយុទ្ធនាការឱ្យមានការគាំទ្រពីភ្នាក់ងារសុខាភិបាលនិងសហគមន៍ ដូចជាអ្នកស្ម័គ្រចិត្តជាដើម ដល់អ្នក ដែលរស់នៅតំបន់ដាច់ស្រយាល ពិបាកទទួលបានសេវាសុខាភិបាលនានា” ជានេះការអំពាវនាវរបស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា»។
ជាមួយគ្នានេះ សម្តេច ក៏បានស្នើអាជ្ញាធរសុខាភិបាលជាតិធ្វើការរួមគ្នាជាមួយស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូនានា ក្នុងការចែករំលែកព័ត៌មាន ទិន្នន័យ កម្មវិធីបណ្តុះ បណ្តាល និងការអនុវត្តល្អៗ ដើម្បីបង្កើតភាពជាដៃគូ ពហុវិស័យ ក្នុងការស្រាវជ្រាវ និងបង្ការជំងឺមិនឆ្លងឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស គិតគូរពីតម្រូវការជាក់ស្តែងរបស់ស្រ្តី ដែលជាទូទៅមានលក្ខណៈខុសពីបុរសនៅក្នុងការទទួលបានព័ត៌មាន និងការបណ្តុះបណ្តាល ស្តីពី អាហារូបត្ថម្ភ និងការថែទាំសុខភាព ព្រមទាំងលទ្ធភាពផ្នែកហិរញ្ញវត្ថុ ក្នុងការទទួលបានការព្យាបាល។
ជំងឺមិនឆ្លងមានដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺផ្លូវចិត្ត និងជំងឺមហារីក។តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា មនុស្សគ្រប់វ័យ និងគ្រប់ទីកន្លែងទាំងអស់ គឺសុទ្ធតែរងផលប៉ះពាល់ដោយសារជំងឺមិនឆ្លងនេះ។ រៀងរាល់ឆ្នាំ មនុស្សប្រមាណ ១៧ លាននាក់ នៅលើសាកលលោក បានស្លាប់ មុនពេលឈានចូលដល់វ័យ ៧០ ឆ្នាំ ដោយសារជំងឺមិនឆ្លងនេះ។
បញ្ហាប្រឈមនាំឱ្យកើតជំងឺមិនឆ្លងមានជាច្រើន។ ជំងឺមិនឆ្លងគឺជាជំងឺរបស់អ្នកមាន។ ផ្ទុយទៅវិញ ចំនួននៃកត្តាហានិភ័យ នៃជំងឺមិនឆ្លង បាននិងកំពុងកើនឡើង គ្រប់ទីកន្លែងទាំងនៅទីក្រុង និងតំបន់ជនបទ ដោយពួកគេបានប្រើប្រាស់ថ្នាំជក់ សេពគ្រឿងស្រវឹង គ្រឿងញៀន ទទួលបន្លែផ្លែឈើមិនគ្រប់គ្រាន់ ឬបន្លែនិងផ្លែឈើមានសារធាតុគីមីខ្ពស់ និងមិនសូវហាត់កីឡាជាដើម។ អត្រាការជក់បារីក្នុងចំណោមបុរសមានច្រើនជាងស្រ្តី ហើយកសិករ កម្មករ ដែលមានអាយុចាប់ពី១៨ ដល់៤៩ឆ្នាំ មានទម្លាប់នៃការជួបជុំទទួលគ្រឿងស្រវឹង ដែលជាបច្ច័យមួយនាំឱ្យធ្លាក់ខ្លួនឈឺ។
នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់យកការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ជាគោលនយោបាយអាទិភាពចម្បង តាមរយៈទំនើបភាវូបនីកម្មប្រព័ន្ធផ្តល់សេវាថែទាំសុខភាព ឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល នៅដំណាច់ឆ្នាំ ២០៣០ ការរៀបចំឱ្យបានរឹងមាំ នូវប្រព័ន្ធសន្តិសុខសង្គម និងជំនួយសង្គម ការលើកកម្ពស់វិស័យធានារ៉ាប់រង ការពង្រឹងនិងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ការយកចិត្តទុកដាក់លើវិស័យកីឡា និងសុខភាពសាធា រណៈ ការលើកកម្ពស់សមភាពយេនឌ័រ និងការជំរុញសង្គមឌីជីថល។ រាជរដ្ឋាភិបាលបានបន្តបង្កើនកញ្ចប់ថវិកាជាតិ រហូតដល់ ៥៥០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ ២០២៤ សម្រាប់ទ្រទ្រង់វិស័យសុខាភិបាល។
សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «វិធីសាស្រ្ដបង្ការជំងឺមិនឆ្លង និងការកាត់បន្ថយគម្លាតយេនឌ័រដែលបណ្ដាលមកពីជំងឺមិនឆ្លង» សហការរៀបចំដោយ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភាជាតិកម្ពុជា ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្ដី នៃរដ្ឋសភាជាតិកម្ពុជា សមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ និងមានការគំាទ្រថវិកាដោយ វិទ្យាស្ថានសភាអាស៊ី។សិក្ខាសាលានេះគឺជាវេទិកាមួយដ៏សំខាន់ ក្នុងការរួមចំណែកដល់ការអនុវត្ត និងពង្រឹងក្របខណ្ឌច្បាប់ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ សម្រាប់ការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លង នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់៕