លោក ប៉ាន សូរស័ក្តិ ស្នើឯកអគ្គរដ្ឋទូតតួកគីថ្មីប្រចាំកម្ពុជាបន្តកៀងគរធុរជន និងវិនិយោគិនតួកគីមកធ្វើការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ នៅចំពោះមុខលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីថ្មីប្រចាំកម្ពុជា នៅថ្ងៃទី១៣ តុលានេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យបន្តកៀងគរធុរជន និងវិនិយោគិនតួកគីមកធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ដែលកម្ពុជាមានវត្ថុធាតុដើមសំបូរបែប រួមមាន៖ កៅស៊ូ ដំឡូងមី ស្រូវ ស្វាយ ចេក ជាដើម។

យោងតាមការចុះផ្សាយរបស់ផេកក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៣ តុលានេះ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏ស្នើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ និងកិច្ចសហប្រតិបត្តិការផ្នែកហាឡាលរវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញអំពីឆន្ទៈនិងគោលជំហរដ៏មោះមុត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ជាពិសេសពាណិជ្ជកម្ម វិនិយោគ ការអប់រំ និងកិច្ចការហាឡាល និងព្យាយាមជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។ ក្នុងនោះលោកស្រីថា នឹងមានការបង្កើតការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគីប្រចាំកម្ពុជា ដើម្បីជំរុញបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ។

សូមជម្រាបជូនថា ពាណិជ្ជកម្មរវាងកម្ពុជា-តួកគីសម្រេចបានទំហំប្រមាណ ៩០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ និងដោយឡែក ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៨៥ លានដុល្លារអាមេរិក។ មុខទំនិញសំខាន់ៗ សម្រាប់ពាណិជ្ជកម្មទ្វេភាគីរួមមាន៖ វាយនភណ្ឌនិងសម្លៀកបំពាក់ ស្បែកជើង អង្ករ កៅស៊ូ គ្រឿងបរិភោគ បរិធានអគ្គិសនី យានយន្ត រ៉ែ។-ល-៕ ដោយ៖ ឧត្តម