មានសង្ឃឹមហើយ ! រដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រុមហ៊ុន FOCUS សិក្សានិងវិនិយោគលើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ជ្រើសរើសសម្ព័ន្ធក្រុមហ៊ុន ហ្វូខឹស ដែលដឹកនាំដោយក្រុមហ៊ុន ហ្វូឌីស ត្រេន ក្លូប៊ល វេនឈរ ឯ.ក និងផ្តល់សិទ្ធិសិក្សានិងវិនិយោគលើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) និងការអភិវឌ្ឍទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាសនៅខេត្តមណ្ឌលគីរី។

ការសម្រេចជ្រើសរសើនេះ ធ្វើឡើងតាម សំណើពិនិត្យនិងផ្តល់យោបល់លើការស្នើសុំសិទ្ធិសិក្សានិងវិនិយោគលើគម្រោងអាកាសយានដ្ឋាន ខេត្តមណ្ឌលគិរីថ្មី និងការអភិវឌ្ឍទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាសរបស់ សម្ព័ន្ធក្រុមហ៊ុនហ្វូខឹស (FOCUS Consortium)។

ជាពិសេសតាម លិខិតលេខ១២៩១៦ សហវ.លស.អរជ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ណិងលិខិតលេខ០០៣ ខន/០២៤ សជណ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ របស់ខុទ្ទកាល័យសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជានិង ចំណាររបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

លិខិតដែលចុះហត្ថលេខា ដោយលោក ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤  រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  និង រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបញ្ជាក់បន្ថែមថា  ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយសម្ព័ន្ធក្រុមហ៊ុនហ្វូខឹស ក្នុងការរៀបចំអភិវឌ្ឍគម្រោងខាងលើនេះ ស្របតាមច្បាប់និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល​ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានថ្លែងថា​ សម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស (FOCUS Consortium) ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យសិក្សាគម្រោងវិនិយោគព្រលានយន្តហោះ និងទីក្រុងរណបនៅខេត្តមណ្ឌលគិរី នាពេលបច្ចុប្បន្ននេះ កំពុងធ្វើការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដំណើរការសិក្សាលម្អិតទាំងគម្រោងអភិវឌ្ឍន៍ និងទំហំទុនដែលត្រូវវិនិយោគ ។

លោក ថ្លែង ថា៖ «រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាននិងកំពុងសហការជាមួយសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស ក្នុងការរៀបចំអភិវឌ្ឍន៍គម្រោងស្របតាមច្បាប់ និងនិតីវិធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា»។​ លោកបន្តថា ក្រុមហ៊ុននឹងទទួលបានសិទ្ធិសិក្សា និងវិនិយោគ លើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម និងផ្ទេរ (BOT) និងការអភិវឌ្ឍន៍ទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាស នៅខេត្ដមណ្ឌលគិរី ។

បើតាម អ្នកនាំពាក្យរូបនេះ ​ ក្រុមហ៊ុន ហ្វូខឺស គ្រុប ដែលដឹកនាំដោយក្រុមហ៊ុន ហ្វូខឺស ត្រេន គ្លូប៊ល វេនឈ័រឯ.ក គឺជាក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលមានចូលរួមពីវិនិយោគមកពីម៉ាឡេស៊ី ចិន និងអារ៉ាប់ ។ ​ ការឈានទៅដល់ការដាក់ទុនវិនិយោគ លើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងការអភិវឌ្ឍទីក្រុងរណបពហុបំណង នៅខេត្តមណ្ឌលគិរី គឺអាស្រ័យទៅលើការសិក្សា ប្រសិនបើក្រុមហ៊ុននេះសិក្សារកឃើញថា ដំណើរការល្អនោះនឹងឈានទៅដល់ការវិនិយោគ ។

រាជរដ្ឋាភិបាលធ្លាប់បានអនុញ្ញាតឲ្យក្រុមហ៊ុនចិន China Power ធ្វើការសិក្សាលើគម្រោងវិនិយោគអាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរីនេះ។ នៅពេលនោះ ព្រលានយន្ដហោះខេត្តមណ្ឌលគីរី គ្រោងសាងសង់លើផ្ទៃដី ៣០០ហិកតា មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ​ដែលតាមការប៉ាន់ស្មានអាចនឹងចំណាយថវិកាវិនិយោគប្រមាណជាង ៨០លានដុល្លារអាមេរិក ។

ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ និងស្ថានភាពសេដ្ឋកិច្ចសកល ធ្វើឱ្យក្រុមហ៊ុន China Power ជួបបញ្ហាហិរញ្ញវត្ថុ ទើបគម្រោងនេះត្រូវបានជាប់គាំងមិន​ដំណើរការ។ ទើបតែពេលនេះ រាជរដ្ឋាភិបាលរកបានអ្នកវិនិយោគថ្មីប្រកបដោយសក្តានុពល ទើបផ្តល់សិទ្ធិឲ្យក្រុមហ៊ុន ហ្វូខឺស សិក្សាពីគម្រោងវិនិយោគ ព្រលានយន្តហោះមណ្ឌលគិរីបន្ត ។

ខេត្តមណ្ឌលគិរី ជាខេត្តមួយមានសក្តានុពលពហុវិស័យ និងស្ថិតក្នុងផែនការមេនៃការអភិវឌ្ឍន៍របស់អន្តរក្រសួង ដែលមានគោលដៅអភិវឌ្ឍន៍ខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង លើវិស័យទេសចរណ៍ កសិកម្ម និងឧស្សាហកម្ម ៕