រដ្ឋសភាអនុម័តច្បាប់ដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ រដ្ឋសភាកម្ពុជានៅក្នុងសម័យប្រជុំជាវិសាមញ្ញនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ដោយមានការគាំទ្រនូវសំឡេង ចំនួន ៩៧ នៃសំឡេងសមាជិករដ្ឋសភាសរុប ដើម្បីអនុញ្ញាតឱ្យអនុវត្តនីតិវិធីជំហានបន្តទៀត ក្នុងការជួយទ្រទ្រង់ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេស។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាបញ្ជាក់ថា​៖«សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណង ធានាការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹកនិងកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការ ដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាងនិងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារ បរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគនិងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិនិងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។

ប្រភពដដែលបន្ថែមថា ៖«កម្ពុជាមានឆ្នេរសមុទ្រនិងផ្លូវទឹកតាមតំបន់ទន្លេ បឹង ស្ទឹង ព្រែក ដែលនាវាអាចធ្វើ នាវាចរណ៍បាន ហើយបង្កើតបានជាបណ្តាញផ្លូវទឹកប្រទាក់ក្រឡាគ្នា ដែលផ្តល់នូវសក្តានុពលខ្ពស់សម្រាប់ ការដឹកជញ្ជូនតាមផ្លូវទឹក ទាំងនៅក្នុងផ្ទៃប្រទេស និងរវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសនានា នៅលើពិភពលោក»។

បើតាមភពដដែល  វិស័យដឹកជញ្ជូនតាមផ្លូវទឹក ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកស្ទួយ ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម បង្កើតឱកាសដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ បង្កើនការងារជូនដល់ ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរ សមុទ្រ និងតំបន់ទន្លេ បឹង ស្ទឹង ព្រែក នៃព្រះរាជាណាចក្រកម្ពុជា។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី៩នៃរដ្ឋសភាដែឡ ដឹកនាំដោយ លោកស្រី និន សាផុន ដែលប្រធាននៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជាក់ថា ដោយមើលឃើញនូវតម្រូវការចាំបាច់ជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងវិស័យដឹកជញ្ជូនតាមផ្លូវទឹក រាជរដ្ឋាភិបាលបានប្រគល់ការកិច្ចឱ្យក្រសួងសាធារណការនិងដឹកជញ្ជូន ដែលជាសេនាធិការបស់រាជរដ្ឋាភិបាល សិក្សា ពិនិត្យ និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនេះឡើង។

បើតាម លោក ប៉េង ពោធិ៍នា សេចក្តីព្រាងច្បាប់នេះ ត្រូវបានពិនិត្យពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់ យ៉ាងល្អិតល្អន់និងស៊ីជម្រៅដោយឈរលើមូលដ្ឋានធាតុចូលសំខាន់ៗ ដែលទទួលបានតាមរយៈការប្រជុំពិគ្រោះយោបល់កម្រិតជំនាញ និងកម្រិតនយោបាយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។

លោកប៉េង ពោធិ៍នា បញ្ជាក់ថា៖«រាជរដ្ឋាភិបាលមានជំនឿថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តនឹងចូលជាធរមាន ហើយ ច្បាប់នេះនឹងក្លាយជាឧបករណ៍គតិយុត្តមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ ដោយផ្តល់នូវអត្ថប្រយោជន៍ ធានាឱ្យមានការគ្រប់គ្រងនាវា នាវិក កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រួមទាំងផ្នែកពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព។ ផ្តល់ឱកាសការងារជូនពលរដ្ឋជានាវិក ដើម្បីបម្រើការងារនៅលើនាវាដែលធ្វើនាវាចរណ៍នៅក្នុងនិង ក្រៅប្រទេស។ ជំរុញការវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ការបង្កើតក្រុមហ៊ុននាវាចរណ៍ សេវាកម្ម នាវាចរណ៍ យានដ្ឋាននាវា សម្រាប់ផលិតជួសជុលនាវា ការសាងសង់និងធ្វើប្រតិបត្តិការឋបនីយភណ្ឌផែ ការបង្កើតនឹងធ្វើប្រតិបត្តិការគ្រឹះស្ថានបណ្តុះបណ្តាលនាវិក»។

លោក ប៉េង ពោធិ៍នា បន្ថែមថា​សេចក្តីព្រាងច្បាប់នេះក៏នឹង ជំរុញការប្រើប្រាស់ផ្លូវទឹកឱ្យមានភាពរស់រវើកនិងសម្រាលបន្ទុកនៃការប្រើប្រាស់ផ្លូវថ្នល់ ដើម្បីរួមចំណែកកាត់បន្ថយចំណាយរបស់រដ្ឋក្នុងការជួសជុលនិងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ជាពិសេស ជំរុញឱ្យមានការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយដែលជាផ្នែកដ៏សំខាន់មិនអាចខ្វះបាន ស្របតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣ របស់រាជរដ្ឋាភិបាល និងការចូលរួមបំពេញកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាលក្នុងនាមជាសមាជិកនៃអង្គការអន្តរជាតិលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក។

ជុំវិញបញ្ហានេះ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភាថ្លែង ថា វិស័យដឹកជញ្ជូនតាមផ្លូវទឹក ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើតឱកាសដល់អ្នកវិនិយោគជាតិនិងអន្តរជាតិ បង្កើនការងារជូនដល់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ ទន្លេ បឹង ស្ទឹង ព្រែក នៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី និន សាផុន បានបន្តថា៖« ច្បាប់នេះរៀបចំឡើងស្របតាមអាទិភាពគន្លឹះនៃបញ្ចកោណទី២-ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួត ប្រជែង និងបញ្ចកោណទី៤-ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ដើម្បីឈានទៅសម្រេចបានសន្ទុះនៃកំណើនសេដ្ឋកិច្ច និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា២០៥០ ដូចមានកំណត់នៅក្នុងកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

សេចក្តីព្រាងច្បាប់ ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក មានចំនួ​ន ១៨ ជំពូក និង ២៧៥ មាត្រា ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងនូវការអបអរសាទរ ក្រោយពេលដែលសេចក្តីព្រាងច្បាប់ ត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតអនុម័ត ក្នុងសម័យប្រជុំជាវិសាមញ្ញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដើម្បីអនុញ្ញាតឱ្យអនុវត្តនីតិវិធីជំហានបន្ត បន្ទាប់ពីការឡើងការពារពីសំណាក់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាល៕