អាប៊ុយដាប៊ី៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម រៀបចំវេទិកាធុរកិច្ចនិងវិនិយោគលើកទី៣ នៅរដ្ឋធានីអាប៊ុយដាប៊ីដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការឈ្វេងយល់ពីសក្តានុពលធុរកិច្ច និងវិនិយោគកម្ពុជាទៅកាន់ធុរជន និងវិនិយោគិនដែលមានមូលដ្ឋាននៅប្រទេសអេមីរ៉ាតអារ៉ាប់រួមជាពិសេស ដើម្បីច្បាមយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ។
វេទិកានេះ ត្រូវបានរៀបចំធ្វើនៅថ្ងៃទី ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Ahmed bin Ali Al Sayegh រដ្ឋមន្រ្តីក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម ធ្វើជាអធិបតីផងដែរ។
បើតាមក្រសួងពាណិជ្ជកម្ម វេទិកាធុរកិច្ចនិងវិនិយោគនេះ រៀបចំឡើងដើម្បីប្រកាសអំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងដើម្បីផ្សព្វផ្សាយអំពីកាលានុវត្តន៍ភាពធុរកិច្ច និងវិនិយោគ ក៏ដូចជាការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ជាមួយគ្នានោះ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានថ្លែងអំណរគុណជូនចំពោះភាគីពាក់ព័ន្ធដែលបានសហការរៀបចំវេទិកាដ៏មានតម្លៃក្នុងខណៈពេលដែលគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃអង្គការពាណិជ្ជកម្មពិភពលោកលើកទី ១៣ ដែលអាចជួយបង្កលក្ខណៈសម្រាប់ជំរុញ និងទាក់ទាញសកម្មភាពវិនិយោគ និងពាណិជ្ជកម្មសំដៅច្បាមយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។
បន្ថែមពីនេះ លោក ក៏បានពិពណ៌នាជូនធុរជន និងវិនិយោគិនដែលមានវត្តមាននាឱកាសនេះអំពីសក្តានុពល និងឧត្តមភាពប្រៀបធៀបរបស់កម្ពុជា ក៏ដូចជាព័ត៌មានចាំបាច់នានាទាក់ទិននឹងកិច្ចសម្រួលវិនិយោគ, កញ្ចប់លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់, និងសេវាថែទាំវិនិយោគ ដើម្បីជាពុទ្ធិសម្រាប់ជំនួយស្មារតីជូនទៅដល់សមាសភាពចូលរួមក្នុងការគិតគូរពិចារណាអញ្ជើញមកធ្វើការសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្រោមរូបភាពវិនិយោគដោយផ្ទាល់ ឬជាភាគហ៊ុនិកជាមួយដៃគូ។
គួរបញ្ជាក់ជូនផងដែរថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួមបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។