លោក គួច ចំរើន៖ គម្រោងសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹមចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ជាពិសេសក្រុងកោះរ៉ុងឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់។

លោក គួច ចំរើន បានលើកឡើងបែបនេះ ក្នុងពេលចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលជាការវនិយោគដោយ ក្រុមហ៊ុន U Property Management CO., LTD នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ។

នាឱកាសនោះ លោក គួច ចំរើនសង្កត់ធ្ងន់ថា ការបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ក៏នឹង
និងបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ពិសេសប្រជាពលរដ្ឋក្រុងកោះរ៉ុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ការកសាងមូលដ្ឋានគ្រឹះឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។

តាមរយៈទំព័រហ្វេសបុករបស់រដ្ឋបាលខេត្តព្រះសីហនុ លោក គួច ចំរើន ថ្លែងថា៖« ការបើកការដ្ឋាន គឺជាផ្លែផ្កាដែលកម្ពុជារបស់យើងមានសុខសន្តិភាព បានផ្តល់ឱកាសឱ្យអ្នកវិនិយោគមើលឃើញពីសមិទ្ធផល និងសម្រេចចិត្តធ្វើការបោះទុនវិនិយោគនៅលើកោះរ៉ុងសន្លឹមរបស់យើង។ ហើយថ្ងៃនេះជាសក្ខីភាពមួយបង្ហាញច្បាស់ពីការជឿជាក់របស់អ្នកវិនិយោគគិន បានសម្រេចចិត្តបើកការដ្ឋាននៅពេលនេះ គឺដោយសារសុខសន្តិភាព នៃការអភិវឌ្ឍរបស់កម្ពុជា ពិសេសការវិនិយោគនៅកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ»។

បើតាម លោក គួច ចំរើន  រាជរដ្ឋាភិបាលបានផ្តល់ការវិនិយោគឱ្យទៅក្រុមហ៊ុនអេម៉ារីយូធ្វើការវិនិយោគ ហើយនៅអំឡុងចុងឆ្នាំ២០២១ ក្រុមហ៊ុន U Property Management CO., LTD បានសហការជាមួយក្រុមហ៊ុន អេម៉ារីយូ ចាប់ដៃគ្នាធ្វើការអភិវឌ្ឍបន្តដំណើរឆ្ពោះទៅមុខ ដើម្បីអភិវឌ្ឍនឹងដោះស្រាយបញ្ហាដែលមាននៅសេសសល់នៅលើកោះរ៉ុង ការអភិវឌ្ឍនៅលើកោះរ៉ុង។ ការតាំងទីលំនៅ ការអភិវឌ្ឍ ការវិនិ យោគដាច់ដោយដុំវាជារឿងសុទ្ធតែមិនស្របច្បាប់ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាលបានផ្តល់សិទ្ធកាន់កាប់ជូនបងប្អូនរស់នៅដោយស្របច្បាប់ ដែលជាបទពិសោធន៍នៃការដោះស្រាយបញ្ហាប្រឈមនានា។

លោក គួច ចំរើនថ្លែងទៀតថា៖« ពីមុននៅទីនេះគ្មានផ្លូវថ្នល់ គ្មានការអភិវឌ្ឍនោះទេ ពេលនេះក្រុមហ៊ុនបានធ្វើការឈូសឆាយពង្រីកផ្លូវបានធំទូលាយ។ ហើយថ្ងៃនេះសូមអបអរសាទរក្រុមហ៊ុនសម្រេចបើកការដ្ឋានអភិវឌ្ឍជាក់ស្តែងនៅចំណតទូក និងសាងសង់ផ្លូវបេតុង ក្រុមហ៊ុនទាំងពីរចាប់ផ្តើមក៏សាងសមិទ្ធផលដែលមានបណ្តាញផ្លូវបណ្តោះអាសន្នប្រទាក់ក្រឡាគ្នារួចហើយ ការបើកការដ្ឋានសាងសង់ផែសម្រាប់ការដឹកជញ្ជូនមានភាពងាយស្រួល ដើម្បីសម្រួលដល់ការអភិវឌ្ឍនៅពេលខាងមុខ»។

លោក គួច ចំរើនបន្ថែមថា ស្ថានភាពចំពោះមុខក្រុមហ៊ុនកសាងផែ រួចបន្តកសាងផ្លូវបេតុងជាង ៦០គីឡូម៉ែត្រ និងកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ហើយហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនត្រូវរៀបនោះ មានកំពង់ផែអន្តរជាតិ និងគម្រោងតបណ្តាញអគ្គិសនីពីកោះរ៉ុង មកកាន់កោះរ៉ុងសន្លឹម បំរើឱ្យការអភិវឌ្ឍលើវិស័យទេសចរណ៍ ក៏ដូចជាការជួយបង្កើនជីវភាពប្រជាពលរដ្ឋដែលរស់នៅលើកោះកាន់តែមានជីវភាពល្អប្រសើឡើងនៅពេលខាងមុខ។ ទន្ទឹមនោះក៏ត្រូវគិតគូរពីបញ្ហាទឹកស្អាតសម្រាប់ពេលអនាគត បំរើដល់អ្នកទេសចរ និងប្រជាពលរដ្ឋរស់នៅទីនេះជាចំបងផងដែរ។

លោក គួច ចំរើន បានបញ្ជាក់ថា នៅលើកោះរ៉ុងសន្លឹម មិនទាន់មានមណ្ឌលសុខភាព និងសាលារៀន ហើយលោក យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន U Property Management CO., LTD ក៏បានយល់ព្រមជួយសាងសង់មណ្ឌលសុខភាព និងអគារសិក្សាសម្រាប់ថ្នាក់សិក្សាចំណេះទូទៅទាំងបីកម្រិតនៅទីនេះ រួមមាន៖ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងបន្ទប់ទឹក និងអាហារដ្ឋាននៅក្នុងបរិវេណសាលារៀន និងកន្លែងស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ ឱ្យមានសោភ័ណភាពក្នុងបរិវេណសាលា ដើម្បីឱ្យកូនចៅរបស់អ្នកកោះរ៉ុងទទួលបានសេវាសុខាភិបាល និងការអប់រំប្រកបដោយស្តង់ដារស្របតាមកំណែទម្រង់វិស័យអប់រំនៅកម្ពុជា៕