ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថាខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលសម្បូរពោរពេញដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ ដែលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងអភិវឌ្ឍសម្បទាទេសចរណ៍សម្រួលដល់ការទស្សនាឱ្យកាន់តែល្អប្រសើរ និងសម្បូរបែប ដើម្បីបំពេញតម្រូវការ និងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរដែលបានមកកម្សាន្ត។
សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងនៅលើទំព័រហ្វេសបុករបស់សម្តេច នៅថ្ងៃទី ១៣ ខែកុម្ភៈនេះ បញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ – Visit Siem Reap 2024” ដោយផ្តោតលើការផ្សព្វផ្សាយអំពីសក្តានុពលនៃខេត្តសៀមរាប ដែលមានគោលដៅជាច្រើនផ្សេងទៀត លើសពីការទស្សនាតែប្រាង្គប្រាសាទ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញទេសចរមកទស្សនាកាន់តែច្រើនឡើងបន្ថែមទៀត ។
សម្តេច បន្ថែមថា៖«ដើម្បីបន្ថែមសក្តានុពលដល់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញ អាជ្ញាធរជាតិអប្សរា បាន និងកំពុងរៀបចំនូវផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដែលនឹងផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ អាចធ្វើការដើរកម្សាន្តបែប Trekking និងស្វែងយល់អំពីជីវចម្រុះ នៅក្នុងព្រៃទំហំ ១៥០ហិកតា ដោយឥតគិតថ្លៃ ពីក្លោងទ្វារចូលនៃសួនរុក្ខជាតិអង្គរ រហូតដល់កសិន្ធុខាងត្បូងនៃប្រាសាទអង្គរវត្ត »។
បើតាម សម្តេច ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នាថ្ងៃទី២៤ សីហា ២០២៣ ដោយបញ្ចកោណទី៤ “ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន” បានផ្តោតលើកិច្ចការអាទិភាពចំនួន៥ ដែលកិច្ចការអាទិភាពទី២ គឺការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការអភិវឌ្ឍទេសចរណ៍ ដោយទាញយកប្រយោជន៍ឱ្យអស់សក្តានុពលពីបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ ប្រកបដោយចីរភាព ។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្មាំថ្មីប្រពៃណីជនជាតិចិន – វៀតណាម ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនពលរដ្ឋរស់នៅក្នុងខេត្ត បានដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ចំនួន ១១៧ ៦៧៧ នាក់ កើនឡើងចំនួន ១១,៥៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១០៥ ៤៨១នាក់ ។
របាយការណ៍បន្ថែមថា ក្នុងចំណោមចំនួនភ្ញៀវទេសចរណ៍ទាំងអស់នេះ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៩៩ ៦០០ នាក់ កើន ឡើងចំនួន ១០,៦៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ៩ពាន់ នាក់ , ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១៨ ០៧៧ នាក់ កើនឡើងចំនួន ១៦, ៧៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានចំនួន ១៥ ៤៨១ នាក់ ៕