ភ្នំពេញ៖ លោក Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាបានបង្ហាញសុទិដ្ឋិនិយមគាំទ្រកម្ពុជាលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាតិ ក៏ដូចជាជម្រុញឱ្យមានកម្មវិធីអភិវឌ្ឍន៍លើវិស័យនានាមានជាអាទិ៍លើវិស័យអប់រំ ដែលផ្ដោតលើការអប់រំក្មេងស្រី សេដ្ឋកិច្ច សុខាភិបាល សន្តិសុខនិងសុវត្ថិភាព។
លោក Dominic Williams MBE បានបង្ហាញសុទិដ្ឋិនិយមខាងលើនេះ ធ្វើឡើង ក្នុងពេលដែល លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុញ្ញាតឱ្យ ចូលជួបពិភាក្សាការងារនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៤។
លោក Dominic សង្កត់ធ្ងន់ទៀតថា ពិសេសជាងនេះអង់គ្លេសនឹងសហការជាមួយកម្ពុជាក្នុងការរៀបចំបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសបៃតងសំដៅគាំទ្រការការពារបរិស្ថានដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
ឆ្លើយតបលើការលើកឡើងរបស់ ឯកអគ្គរាជទូត លោក ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវការស្វាគមន៍យ៉ាងពេញទំហឹងចំពោះគោលបំណងរបស់អង់គ្លេសក្នុងការស្នើសុំសហការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង “Green Special Economic Zone” នៅក្នុងប្រទេសកម្ពុជាដើម្បីជាការរួមចំណែកក្នុងការការពារបរិស្ថានពិភពលោក។
បន្ថែមពីនេះ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកអគ្គរាជទូត សម្រាប់ការគាំទ្រលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាតិកម្ពុជា ដោយនៅក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រួមមានទាំងគម្រោង ពង្រីកផ្លូវជាតិសំខាន់ៗតភ្ជាប់កម្ពុជាទៅប្រទេសជិតខាងរួមមានគម្រោងលើកកម្រិតផ្លូវជាតិលេខ៥ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងគម្រោងព្រែកជីកហ្វូណនតេជោដែលនឹងក្លាយជាគម្រោងផ្លូវទឹកប្រវត្តិសាស្រ្តរបស់កម្ពុជាផងដែរ។
ឆ្លៀតឱកាសក្នុងជំនួបនេះ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន ឯកអគ្គរាជទូត អំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការទាក់ទាញវិនិយោគិនពីគ្រប់បណ្ដាប្រទេសមានសក្កានុពល ដែលនៅក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីគោលបំណងក្នុងការអញ្ជើញធ្វើទស្សនកិច្ចគោះទ្វារទាក់ទាញវិនិយោគិននៅតាមបណ្តាប្រទេសនានានៅលើសកលលោក ដោយក្នុងនោះរួមមានចក្រភពអង់គ្លេសផងដែរដើម្បីទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា៕