ព្រះសីហនុ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា បច្ចុប្បន្នអគារដែលត្រូវបានផ្អាកដំណើរការសាងសង់មានចំនួន ៣៦២ អគារ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១ លានដុល្លារអាម៉េរិក ដើម្បីបញ្ចប់ការសាងសង់ ខណៈដែលអគារត្រូវបានសាងសង់រួចរាល់ប៉ុន្តែពុំទាន់បានដំណើរការមានចំនួន ១៧៦ អគារ។
លោក អូន ព័ន្ធមុនីរ័ត្ន លើកឡើងបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
លោក អូន ព័ន្ធមុនីរ័ត្នបន្តថា ខេត្តព្រះសីហនុត្រូវបានចាត់ទុកជាខេត្តមួយដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់របស់ប្រទេសកម្ពុជា ដែលខេត្តមួយនេះ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាតសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងមានទីតាំង ធនធាន ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេសធំៗ អំណោយផលដល់ការជំរុញសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងផលិតកម្ម ព្រមទាំងអាចបង្កលក្ខណៈងាយស្រួលដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលឱ្យហក់ឡើងខ្ពស់ផងដែរ។
លោក អូន ព័ន្ធមុនីរ័ត្ន បន្ថែមថា ឈរលើមូលដ្ឋានខាងលើនេះហើយ ទើបរាជរដ្ឋាភិបាល បានដាក់ចេញនៅក្នុងឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ នូវទិសដៅអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង សំដៅប្រែក្លាយខេត្តមួយនេះទៅជាប៉ូលសេដ្ឋកិច្ចឈានមុខ និងជាក្បាលម៉ាស៊ីនដ៏សំខាន់មួយក្នុងប្រទេសសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០១៦ មកការវិនិយោគក្នុងខេត្តព្រះសីហនុមានសន្ទុះកើនឡើងយ៉ាងគំហុក ជាពិសេសមានការរីកដុះ ដាលយ៉ាងលឿនក្នុងចំនួនដ៏ច្រើននូវសំណង់អគារជា សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងកន្លែងស្នាក់នៅ។ល។ តែទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ២០១៩ និងបន្តមកទៀតការផ្លាស់ប្តូរ ផ្នែកសង្គម-សេដ្ឋកិច្ច គួបផ្សំនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមជាសកលផ្សេងទៀតបានបណ្តាលឱ្យសំណង់អគារជាច្រើនត្រូវបានផ្អាក ឬបញ្ឈប់ដំណើរសាងសង់តែម្តង។
លោក បន្ថែមថា ដើម្បីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់មានជាអាទិ៍ ការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទូទាំង ខេត្ត ជាពិសេសការដាក់ចេញនូវវិធានការជាកញ្ចប់ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងកាលពីខែ មីនា ឆ្នាំ២០២៣ ដែលរួមបញ្ចូលនូវវិធានការទូទៅ និងវិធានការលើកទឹកចិត្តសម្រាប់អនុវត្តន៍រហូតដល់ឆ្នាំ២០២៦ផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”នេះដែរ សម្តេច ហ៊ុន ម៉ាណែត ថ្លែង ថាខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញទៅដោយសក្តានុពលលើវិស័យទេសចរណ៍ និងជាតំបន់សេដ្ឋកិច្ចពហុបំណងរបស់កម្ពុជា ដែលមានលក្ខខណ្ឌសមស្របក្នុងការវិនិយោគលើគ្រប់វិស័យ ។ រាជរដ្ឋាភិបាលបានយកចិត្តដាក់ខ្ពស់លើខេត្តព្រះសីហនុ ក្នុងគោលបំណងជំរុញបន្ថែមនូវការអភិវឌ្ឍដ៏លឿន និងឆាប់រហ័សរបស់ខេត្ត ក៏ដូចជាទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀតមកកាន់ខេត្តឱ្យបានកាន់តែច្រើន ។ ខេត្តព្រះសីហនុ បាន និងកំពុងរៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការវិនិយោគ ពិសេស កំពង់ផែទឹកជ្រៅ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ធ្នូ ២០២៣ សម្រាប់ជំរុញលើវិស័យឡូជីស្ទីកនៅកម្ពុជា ។
រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កាលពីថ្ងៃទី២៤ សីហា ២០២៣ ដោយក្នុងបញ្ចកោណទី២ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនការប្រកួតប្រជែង ដែលកិច្ចការអាទិភាពទី៤ គឺផ្តោតលើការពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញ នៃតំបន់សេដ្ឋកិច្ចពិសេស សំដៅទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក ដើម្បីគាំទ្រដល់ការបង្កើតការងារ និងការលើកស្ទួយជីវភាពប្រជាជន ។
វិធានការគន្លឹះៗ ក្នុងកម្មវិធីពិសេសនេះមានភាពប្រទាក់ក្រឡាគ្នា និងឆ្លើយតបនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងចំពោះមុខរបស់ខេត្តព្រះសីហនុ ក្នុងគោលដៅជំរុញការវិនិយោគ, ការអភិវឌ្ឍឧស្សាហកម្ម, ការស្ដារកំណើនសេដ្ឋកិច្ច និង ការបំពេញបន្ថែមលើយុទ្ធសាស្រ្ត និង គោលនយោបាយនានារបស់រាជរដ្ឋាភិបាល, ពិសេស ការអនុវត្តផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
សូមរម្លឹកថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តចធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តនាំមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់៕