ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំណែនាំ និងធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របសម្រួលការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (ក.ប.ស.ផ)។
កិច្ចប្រជុំនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដោយ មានការចូលរួមពី លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ ដឹកនាំលោក ចេន រ៉េត នាយករងរដ្ឋបាល និងលោក អេង ចំរើន នាយករងទីចាត់ការផែនការ និងវិនិយោគរដ្ឋបាលខេត្ត ក្រោម អធិបតីភាព លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំដែលមានការចូលរួមពីក្រុមការងារបច្ចេកទេសអន្តរក្រសួងនេះ ផងដែរ ក៏បានពិនិត្យ និងផ្តល់មតិយោបល់ លើសេចក្តីព្រាងជាភាសាខ្មែរ នៃរបាយការណ៍ផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និង របាយការណ៍ទី១២ ស្ដីពី ផែនការសកម្មភាព។
អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងបានផ្តល់មតិយោបល់ប្រកបដោយសារៈសំខាន់ទៅតាមជំនាញរៀងៗខ្លួន ដើម្បីផ្តល់លទ្ធភាពឱ្យក្រុមការងារធ្វើការកែសម្រួលសេចក្តីព្រាងរបាយការណ៍ទាំង២ខាងលើ ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ មានសង្គតិភាព និងគុណភាព ប្រកបដោយបរិយាបន្ន ព្រមទាំងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
ក្នុងកិច្ចប្រជុំនេះ លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ បានចូលរួមដោយផ្ដល់របាយការណ៍ជាលាយលក្ខណ៍អក្សរ ព្រមទាំងបានស្នើឱ្យក្រុមការងារបានការយកចិត្តទុកដាក់បន្ថែម ជាពិសេសទៅលើការអភិវឌ្ឍធនធានមនុស្សនៅពេលដាក់ឱ្យប្រើប្រាស់នូវផែនការមេខាងលើ។
ជាមួយគ្នានោះ លោក ផាន់ ផល្លា បានផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមការងារពិនិត្យសុក្រឹតភាព និងលទ្ធភាពដើម្បីធ្វើការកែសម្រួលតាមមតិចូលរួមរបស់អង្គប្រជុំ និងបង្កើនការយកចិត្តទុកដាក់ទៅលើ ការប្រើប្រាស់ពាក្យពេជន៍បន្ថែមទៀត ធ្វើយ៉ាងណាសម្រេចបាននូវសង្គតិភាព មានភាពស៊ីចង្វាក់និងប្រទាក់ក្រឡាគ្នាជាមួយគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលកម្ពុជា។
ខេត្តព្រះសីហនុ ជាខេត្តដែលមានវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជនយ៉ាងឆាប់រហ័ស ស្របជាមួយនឹងការអភិវឌ្ឍផ្លាស់ប្តូរដ៏ប្រណិត ពិសេសលើហេដ្ឋារចនាសម្ព័ន្ធ។ អគារខ្ពស់ៗ សណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើនត្រូវបានសាងសង់។
តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅជាងគេបំផុតក្នុងប្រទេសកម្ពុជា អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតដែលត្រូវបានប្រសិទ្ធនាមជា “តារារះនាទិសនិរតី” បានកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងក្នុងប្រទេសកម្ពុជា។