ភ្នំពេញ៖ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេស មកទិញសំបុត្រ ដើម្បីចូលទស្សនារមណីយដ្ឋានអង្គរ សរុបចំនួន ៧៩ ៨០៦៩នាក់ បើធៀបរយៈដូចគ្នាឆ្នាំ២០២២ មានការកើនឡើង ១៧៧,៦៣% រកចំចូលបានសរុបចំនួន ៣៧ ១៩៨ ៩៨៨ ដុល្លារ បើធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២២ មានការកើនឡើងចំនួន ២២២,៦៨%។ នេះបើតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។
របាយការណ៍ បញ្ជាក់ថា ក្នុងខែធ្នូ មានភ្ញៀវទេសចរបរទេស មកទិញសំបុត្រ ដើម្បីចូលទស្សនា រមណីយដ្ឋានអង្គរ មានចំនួន ៩៨ ០៧៣នាក់ បើធៀបរយៈដូចគ្នាឆ្នាំ២០២៣ មានការកើនឡើងចំនួន៥៧,៥១% រកចំណូលបានចំនួន ៤៦៥២ ១៤១ដុល្លារ បើធៀបរយៈដូចគ្នាឆ្នាំ២០២២ មានការកើនឡើង ៨៤,៩៥%។
ជាមួយគ្នានោះ របាយការណ៍ ដដែលបានបញ្ជាក់ថា ដោយឡែក ប្រាសាទកោះកែរ វិញ មានភ្ញៀវទេសចរបរទេស ទិញសំបុត្រ ចូលទស្សនា ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៣ សរុបចំនួន ១៤៨០៦នាក់ រកចំណូលបាន ចំនួន២២២០៩០ដុល្លារ។ ក្នុងនោះ សម្រាប់ខែធ្នូ មានភ្ញៀវទេសចរណ៍បរទេស មកទិញសំបុត្រ ចូលទស្សនា ប្រាសាទកោះកែរ មានចំនួន ២៥២៦នាក់ រកចំណូលបាន ៣៧ ៨៩០ដុល្លារ៕