គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ចាប់ផ្តើមពិភាក្សា

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល (LRT) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ត្រូវបានគណៈកម្មការអន្តរក្រសួងលើកយកមកប្រជុំពិភាក្សា ជាមួយក្រុមហ៊ុន China Metro Group ។

នេះ បើតាម កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ក្រោមកិច្ចដឹកនាំរបស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន ម៉ាណែត ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

មួយវិញទៀត ការជជែកពិភាក្សាបានយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវ សំដៅបញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបុរាណដ្ឋាន ឬ តំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា៕