ភ្នំពេញ៖ ក្នុងរយ:ពេលជិត១០ឆ្នាំចុងក្រោយនេះ, សហរដ្ឋអាមេរិកមានសារៈសំខាន់សម្រាប់អាស៊ាន ដោយសហរដ្ឋអាមេរិកជាដៃគូពាណិជ្ជកម្មធំទី២ របស់អាស៊ានបន្ទាប់ពីចិន និងជាប្រភពវិនិយោគពីបរទេសដោយផ្ទាល់ធំជាងគេរបស់អាស៊ាន (ទិន្នន័យអាស៊ានឆ្នាំ២០២២)។ នេះ បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា ។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២១ ខែធ្នូនេះ ប្រាប់សារព័ត៌មាន Khmer CM ថា កិច្ចព្រមព្រៀង TIFA រវាងអាស៊ាននិងសហរដ្ឋអាមេរិក ជាយន្តការជំរុញកិច្ចសហប្រតិបត្តការពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ ដែលក្នុងថ្ងៃអណាគត ភាគីទាំងពីរអាចប្រើប្រាស់ជាមូលដ្ឋាន ដើម្បីជម្រុញការធ្វើពាណិជ្ជកម្មទៅកម្រិតខ្ពស់មួយទៀ។
បើតាម លោក ប៉ែន សុវិជាតិអាស៊ាននិងសហរដ្ឋអាមេរិកបានអនុវត្តកិច្ចព្រមព្រៀង TIFA ក្នុងកម្រិតប្រសើរឡើងពីពេលមួយទៅពេលមួយទៀត។
លោក សង្កត់ថា តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះ និងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកនាខែកញ្ញា ឆ្នាំ២០២៣ ក្រោមការធ្វើជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី ថ្នាក់ដឹកនាំកំពូលអាស៊ាន និងសហរដ្ឋអាមេរិកបានស្វាគមន៍ចំពោះផែនការសកម្មកិច្ចព្រមព្រៀង TIFA និង E3 ឆ្នាំ២០២៣-២០២៤ ដែលផ្ដោតលើសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម កិច្ចសម្រួលពាណិជ្ជកម្ម កម្មសិទ្ធិបញ្ញា និងវិស័យមួយចំនួនផ្សេងទៀត។ សហរដ្ឋអាមេរិកបានក្លាយជាដៃគូសន្ទនា និងពាណិជ្ជកម្មរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ានតាំងតែឆ្នាំ១៩៧៧ មកម្ល៉េះ ពោលគឺមានរយៈពេលប្រមាណជា ១០ ឆ្នាំក្រោយការបង្កើតតំបន់សេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍។
បើតាម របាយការណ៍ចុងក្រោយមួយត្រូវបានចេញផ្សាយនៅលើគេហទំព័រ Asean Briefing បានបង្ហាញថា ទំហំពាណិជ្ជកម្មគ្រប់ប្រភេទទំនិញ និងសេវាកម្មរវាងសហរដ្ឋអាមេរិក និងអាស៊ាន មានចំនួនសរុបប្រមាណ ៤៤១,១ ពាន់លានដុល្លារកាលពីក្នុងឆ្នាំ២០២១ ជាចំនួនកើនឡើងពីទំហំពាណិជ្ជកម្ម ៣៦២,២ ពាន់លានដុល្លារដែលទទួលបានកាលពីក្នុងឆ្នាំ២០២០។ តួលេខដ៏រឹងមាំបានបង្ហាញថា សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំទីបំផុតទី ២ របស់អាស៊ានបន្ទាប់ពីប្រទេសចិន។ ក្នុងនោះគេសង្កេតឃើញដែរថា សហរដ្ឋអាមេរិក គឺជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេស ឬហៅថា FDI ដ៏ធំបំផុតនៅក្នុងតំបន់អាស៊ានទាំងមូល ដែលរួមចំណែកដល់ប្រមាណ ២២,៥ ភាគរយនៃ FDI សរុបទៅក្នុងតំបន់នេះ។
ដោយសារតែអាស៊ានជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់សហរដ្ឋអាមេរិក តំបន់នេះកំពុងមានសារសំខាន់កាន់តែខ្លាំងឡើងសម្រាប់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងរដ្ឋាភិបាលរបស់ខ្លួន ជាពិសេសនៅក្នុងបញ្ហាសំខាន់របស់ពិភពលោកបូករួមទាំងបញ្ហាអាកាសធាតុ ការដឹកជញ្ជូន ថាមពល និងការថែទាំសុខភាព ខណៈដែលចិនឈរនៅលំដាប់ទី១របស់អាមេរិក។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បើយើងពិនិត្យទៅលើនយោបាយ និងទំនាក់ទំនងកាទូតជាមួយនឹងអាមេរិកនោះ តំបន់អាស៊ានកំពុងស្ថិតនៅកម្រិតមួយដែលល្អប្រសើរជាងចិនទោះបីជាមិនទាន់ដល់កម្រិតរបស់បណ្តាប្រទេសនៅអឺរ៉ុបក្តី។ មានន័យថា កត្តាសន្តិសុខ និងបញ្ហាជម្លោះនានារវាងអាស៊ាន និងអាមេរិកគឺមានភាពរឹងម៉ាំខ្លាំងមិនងាយនឹងអាចប៉ះពាល់ឡើយតាំងពីអតីតកាល ឬបច្ចុប្បន្ន និងទៅថ្ងៃមុខក្តី។
តាមរយៈសកម្មភាពជាច្រើនរបស់អាស៊ាន និងតួលេខទាំងអស់នេះបានបង្ហាញថា ប្លុកអាស៊ានបានដើរតួនាទីកណ្តាលក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ីដោយចូលរួមការចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗចំនួន៦រួចមកហើយជាមួយប្រទេស និងតំបន់ដែលមានសេដ្ឋកិច្ចក្នុងតំបន់ផ្សេងទៀត។
គួរឲ្យដឹងដែរថា ប្រទេសសមាជិកទាំង១០របស់អាស៊ាន បច្ចុប្បន្នកំពុងក្លាយខ្លួនជាមហាអំណាចសេដ្ឋកិច្ចមួយរបស់ពិភពលោក ហើយអ្នកវិភាគជាច្រើនបានប៉ាន់ស្មានដូចគ្នាថា ប្រសិនបើអាស៊ានគឺជាប្រទេសតែមួយ នោះវានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៧របស់ពិភពលោក ហើយអាចនឹងក្លាយជាតំបន់ដែលមានសេដ្ឋកិច្ចធំជាងគេទី ៤ នៅឆ្នាំ២០៥០៕