សម្តេចហ៊ុន ម៉ាណែត៖ វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស។

ក្នុងពិធីសម្ពោធជាផ្លូវការអគារធនាគារវីងថៅវើ កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងថា «វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្សនោះដែរ»។

សម្ដេចមានប្រសាសន៍បន្តថា ទន្ទឹមនឹងនេះ ការសម្រេចវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិ ព្រមទាំងបានបង្ហាញអំពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ច, ភាពរឹងមាំ និងភាពធន់របស់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ។

ជាមួយគ្នានោះ សម្តេចហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល, រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ ២០៥០ និងដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤, ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសកល ដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និងជាចលករសំខាន់គ្របដណ្តប់លើគ្រប់ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, រួមទាំងវិស័យហិរញ្ញវត្ថុ និងធនាគារ ។

បន្ថែមលើនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលមានចក្ខុវិស័យរយៈពេលវែង ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរវិត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យធនាគារ។ ទន្ទឹមនេះ ក៏ជាសមិទ្ធផលមួយដ៏មានសារៈសំខាន់ គួរជាទីមោទនភាព សម្រាប់ជាមគ្គុទេសក៍ ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» សំដៅចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ។

ក្របខ័ណ្ឌគោលនយោបាយទាំងនេះនឹងមានសារៈសំខាន់សម្រាប់វិស័យធនាគារនៅកម្ពុជាក្នុងបរិការណ៍នៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ ។ លើសពីនេះទៀត សម្ដេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការចាប់យក និងការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលរបស់ធនាគារ មិនត្រឹមតែរួមចំណែកលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់កំណើន ប្រកបដោយចីរភាព៕